ព័ត៌មានជាតិ

បាត់ខ្លួន១ថ្ងៃ! បែរជាប្រទះឃើញសពអណ្ដែតទឹកនៅច្រាំងទន្លេ

កណ្ដាលៈ យុវជនម្នាក់បាត់ខ្លួនពីផ្ទះ១ថ្ងៃ ត្រូវបានគេប្រទះឃើញសាកសពអណ្ដែតទឹកនៅមាត់ច្រាំងទន្លេបាសាក់។

ហេតុ‌ការណ៍នេះបានកើតឡើងវេលាម៉ោង‌៧ ថ្ងៃ‌ទី២២ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចមាត់ច្រាំងទន្លេបាសាក់ ក្នុងភូមិលេខ៤ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្ដាល។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះ‌មានឈ្មោះ‌ ហេង សុវណ្ណច័ន្ទដារ៉ា ភេទប្រុស អាយុ១៨ឆ្មាំ ជនជាតិខ្មែរ មុខរបរកសិករ ទីលំនៅបច្ចុប្បន្ននៅភូមិលេខ៤ ឃុំស្វាយរលំ ស្រុកស្អាង ខេត្ត‌កណ្ដាល‌ ។

ប្រភពដដែលបានបន្តថា នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោង២រសៀល ជនរងគ្រោះឈ្មោះ ហេង សុវណ្ណច័ន្ទដារ៉ា បានដើរបាត់ពីផ្ទះ ដោយគ្មានបានផ្ដល់ព័ត៌មានអោយក្រុមគ្រួសារដឹងទេ។ ក្រុមគ្រួសារមិនឃើញជនរងគ្រោះវិលត្រឡប់មកផ្ទះវិញ ក៏បាននាំគ្នាដើររក តែរកមិនឃើញ លុះដល់ថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោង៧ ត្រូវបានប្រជាពលរដ្ឋរស់នៅភូមិឃុំជាមួយគ្នាប្រទះឃើញសពជនរងគ្រោះ នៅចំណុចមាត់ច្រាំង ទន្លេបាសាក់ ភូមិលេខ៤ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្ដាល។

ភ្លាមៗនោះ កម្លាំងសមត្ថកិច្ច នគរបាលប៉ុស្ដិ៍ស្វាយរលំ បានចុះមកដល់កន្លែងកើតហេតុ ហើយបានរាយការណ៍បន្ដទៅកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីស្រាវជ្រាវបន្ដ។ក្រោយការពិនិត្យរបស់កម្លាំងជំនាញគ្រូពេទ្យឃុំ មេភូមិ ក្រុមប្រឹក្សាឃុំធ្វើការពិនិត្យសាកសពដោយ‌ហ្មត់‌ចត់‌ ពុំ‌មានឃើញស្លាកស្នាមអ្វីគួរ‌ឲ្យកត់‌សំគាល់‌ឡើយ‌‌‌ គឺស្លាប់ដោយសារលង់ទឹកពិតមែន។

ក្រោយពិនិត្យរួចសពបានប្រគល់ឲ្យ‌ក្រុម‌គ្រួសារធ្វើបុណ្យ‌តាមប្រពៃណី៕

មតិយោបល់