ព័ត៌មានអន្តរជាតិ

ក្រុមអ្នកតវ៉ានៅប្រេស៊ីល ទាមទារឲ្យប្រធានាធិបតីចុះចេញពីតំណែង

ប្រេស៊ីលៈ ប្រជាពលរដ្ឋប្រេស៊ីល បានរៀបចំការតវ៉ានៅទូទាំងប្រទេស កាលពីថ្ងៃអាទិត្យ ដើម្បីទាមទារឲ្យប្រធានាធិបតីរបស់ពួកគេចុះចេញពីតំណែង បន្ទាប់ពីតុលាការកំពូល បានអនុម័តឲ្យមានការ ស៊ើបអង្កេតមួយ លើការចោទប្រកាន់លោក ជាប់ពាក់ព័ន្ធនឹងការផ្ដល់ប្រាក់សំណូក ក្នុងការបំបិទមាត់សាក្សីមួយ នៅក្នុងរឿងអាស្រូវអំពើលពុករលួយដ៏ធំមួយ។ នេះបើយោងតាមរយៈ សារព័ត៌មាន aljazeera ចេញផ្សាយនៅថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០១៧។

ពួកសហជីប គណបក្សនយោបាយ និងក្រុមសកម្មជន បានអំពាវនាវឲ្យប្រជាជនប្រេស៊ីលចេញមកធ្វើការតវ៉ា ដើម្បីទាមទារឲ្យប្រធានាធិបតីលោក Michel Temer ចុះចេញពីតំណែង បើទោះបីជាមានអ្នកចូលរួមក្នុងការតវ៉ា នៅតាមទីក្រុងមានចំនួនតិចជាងការរំពឹងទុកក៏ដោយ។

នៅក្នុងការតវ៉ានេះ គេសង្កេតឃើញមានមនុស្សរាប់រយនាក់ចូលរួម ដោយបាននាំគ្នាទទូរឆ័ត្រ និងជ្រកក្រោមដំបូលអគារ ដើម្បីជៀសវាងការទទឹកភ្លៀង នៅទីក្រុង Sao Paulo ។

ចំណែកឯនៅទីក្រុង Rio de Janeiro វិញ បាតុករ ១៥០ នាក់ បានគ្រវីទង់ពួកសហជីព នៅតាមដងផ្លូវដ៏វែងររបស់ឆ្នេរសមុទ្រ Copacabana ដោយពួកគេបានសរសេរលើបដាជាមួយនឹងសារថា «លោក Temer ចុះចេញទៅ» និង «ខ្ញុំចង់ឲ្យប្រទេសប្រេស៊ីល មានភាពប្រសើរទ្បើង»។

ក្នុងនោះក៏មានបាតុករ ១០០ នាក់ផ្សេងទៀត បានដើរជាក្បួនទៅកាន់ផ្ទះលោក Rodrigo Maia ជា វាគ្មិនសភាជាន់ទាបនៃសមាជ ដើម្បីអំពាវនាវឲ្យបណ្តេញលោក Temer ចុះចេញពីតំណែង និងទាមទារឲ្យបោះឆ្នោតមុនការកំណត់។

គួរបញ្ជាក់ដែរថា បើទោះបីលោក Temer បានបាត់បង់ប្រជាប្រិយភាពនៅក្នុងប្រទេសក៏ពិតមែន ប៉ុន្តែគណបក្ស កណ្ដាលនិយមស្ដាំរបស់លោក នៅតែអាចគ្រប់គ្រងប្រទេស បានដែលជាផ្នែកមួយនៃរដ្ឋាភិបាលចម្រុះ៕

មតិយោបល់