ព័ត៌មានជាតិ

គ្រោះថ្នាក់ចរាចរណ៍បុកគូទឡិចស៊ីសស្លាកលេខ(ន.ប)សោះ បែកធ្លាយរឿងលួចម៉ូតូរម៉កកង់បីគេទៅវិញ!

ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយម៉ូតូរម៉កកង់បីមួយគ្រឿង បុកគូទរថយន្តម៉ាកឡិចស៊ីស ៥៧០ ពាក់ស្លាកលេខនគរបាល បណ្តាលឲ្យរងការខូចខាត បែរជាបែកធ្លាយ ថាជនសង្ស័យគឺជាអ្នកធ្វើសកម្មភាពលួចម៉ូតូរម៉កហើយជិះរត់ ទៅបុកនឹងរថយន្តរបស់គេ ទីបញ្ចប់ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនបានយកទៅវិញ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩ និង៣៥នាទីព្រឹក ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧ នៅខាងកើតភ្លើងស្តុបផ្សារដើមគរ (មុខសណ្ឋាគារអ៊ីនធើខន)ផ្លូវម៉ៅសេទុង ក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីមន្ត្រីនគរបាលម្នាក់ បានឲ្យដឹងថា បុរសជនសង្ស័យមានឈ្មោះ ថៃ នរៈពិសិដ្ឋ អាយុ ៤១ឆ្នាំ មុខរបរមិនពិតប្រកដ ស្នាក់នៅក្នុងភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

មុនពេលកើតហេតុ គេបានឃើញជនសង្ស័យខាងលើ បើកម៉ូតូរម៉កកង់បីមួយគ្រឿង ទៅបុកនឹងរថយន្តម៉ាកឡិចស៊ីស ពណ៌ស ពាក់ស្លាកលេខ នគរបាល ២-៥៨៨៨ ចំពីក្រោយបណ្តាលឲ្យកំពិតផ្នែកខាងក្រោយរងការខូចខាត ហើយក៏បន្តបើករត់ទៅប៉ះនឹងរថយន្តមួយគ្រឿងទៀត ទើបត្រូវម្ចាស់រថយន្តឡិចស៊ីស ៥៧០ ឃាត់បាន និងធ្វើការដោះស្រាយគ្នា។

ពេលដែលធ្វើការឃាត់បុរសអ្នកបើកបរនិងម៉ូតូរម៉កកង់បីបានហើយនោះ ភាគីទាំងសងខាងក៏ធ្វើការដោះស្រាយគ្នា តែដោយសារមិនមានលុយសង ក៏នាំទៅធ្វើការដោះស្រាយបន្តនៅអធិការដ្ឋានគរបាលខណ្ឌចំការមន ចុងក្រោយក៏ត្រូវម្ចាស់ម៉ូតូរម៉កកង់បី បានដឹងដំណឹង ទៅមើល ទើបដឹងជារម៉ករបស់ខ្លួន ហើយប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួនតែម្តង។

ក្រោយពេលកើតហេតុ មន្ត្រីនគរបាលដែលជាម្ចាស់រថយន្តឡិចស៊ីស ៥៧០ រងគ្រោះ បានសុំយករថយន្តរបស់ខ្លួនទៅធ្វើការជួសជុលដោយខ្លួនឯង។ ចំណែកឯបុរសជាជនសង្ស័យ ក៏ត្រូវបានចាប់ឃាត់ខ្លួន ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ជាបន្តទៀត៕

មតិយោបល់