ព័ត៌មានជាតិ

Update៖ នគរបាលព្រហ្មទណ្ឌ បញ្ជូនជនសង្ស័យលួចរថយន្តទៅតុលាការហើយ

បន្ទាយមានជ័យ: យោងតាមផេកនាយកដ្ឋានផ្សព្វផ្សាយអប់រំ បានឲ្យដឹងថា នគរបាលជំនាញព្រហ្មទណ្ឌកម្រិតស្រាល រៀបចំសណុំរឿងបញ្ជូនជនសង្ស័យម្នាក់ ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ចាត់ការតាមនិតិវិធីច្បាប់ នាថ្ងៃនេះ បន្ទាប់ពីត្រូវបានបង្រ្កាបចាប់ឃាត់ខ្លួននៅវេលាម៉ោង ៩និង០៥នាទី ព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចផ្ទះបងស្រីរបស់គេ នៅភូមិថ្នល់បត់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ឯក ខែម សុភ័ណ្ឌ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានឲ្យដឹងថា ៖ ក្រោយពីទទួលបានព័ត៌មានថា មានករណីលួចរថយន្ត លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដាក់ផែនការឲ្យកម្លាំងនគរបាលព្រហ្មទណ្ឌដឹកនាំប្រតិបត្តិការផ្ទាល់ ដោយលោកឧត្តមសេនីយ៍ត្រី សិទ្ធ ឡោះ ស្នងការរងទទួលការងារព្រហ្មទណ្ឌ ។ លោក និងកម្លាំងជំនាញក្រោមឱវាទ និងកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកស្វាយចេក កម្លាំងនគរបាលស្រុកថ្មពួក និងកម្លាំងនគរបាលស្រុកអូរជ្រៅ បានបើកកិច្ចប្រតិបត្តិការស្រាវជ្រាវរកមុខសញ្ញា និងឈានដល់ការបង្រ្កាបចាប់ឃាត់ខ្លួនជនសង្ស័យឈ្មោះ ឈន សូរិយ៉ា(ហៅយ៉ា) ភេទប្រុស អាយុ ២៨ឆ្នាំ បច្ចុប្បន្នរស់នៅ ភូមិថ្មពួក ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ នៅចំណុចផ្ទះបងស្រីរបស់គេឈ្មោះ ឈន ឈឺន អាយុ ៤៦ឆ្នាំ នៅភូមិថ្នល់បត់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ក្រោយពីជនសង្ស័យរូបនេះបានធ្វើសកម្មភាពលួចរថយន្តម៉ាក កាម៉ារីឆ្លាម ពណ៌កណ្តុរប្រម៉េះ ស៊េរី១៩៩៩ ពាក់ស្លាកលេខ បន្ទាយមានជ័យ 2D-8731 ​របស់ឈ្មោះ ពៅ វឿន ភេទប្រុស អាយុ ៣៦ឆ្នាំ និងប្រពន្ធឈ្មោះ ប៉ុល សុភី អាយុ ៣០ឆ្នាំ នៅភូមិទ្រាស ឃុំទ្រាស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ បានសម្រេចហើយជិះយកទៅប្លុងទុកចោល នៅលើផ្លូវលំចំណុចផ្លូវបំបែក ចម្ងាយពីផ្លូវជាតិលេខ២៥៨ ប្រហែល៥គីឡូម៉ែត្រ ។

លោកឧត្តមសេនីយ៍ត្រី សិទ្ធ ឡោះ បានឲ្យដឹងថា៖ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនគេពិតជាលួចឡានម៉ាកកាម៉ារីឆ្លាមនោះមែន បន្ទាប់ពីគេបានខ្ចីម៉ូតូអ្នកជិតខាងនៅវេលាម៉ោង ៨យប់ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩ ជិះមកលេងផ្ទះឪពុករបស់គេនៅភូមិព្រហូត សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ពេលជិះបានប្រមាណ ១៥គីឡូ​ម៉ែត្រ ក៏ឃើញរថយន្តមួយគ្រឿង ទុកនៅលានដំឡូងមី មានទាំងសោស្រាប់ មិនចាក់សោទ្វារជាឱកាសល្អ រូបគេក៏លួចយកឡាននោះ ហើយទុកម៉ូតូនៅទីនោះទាំងសោឲ្យម្ចាស់ឡានវិញ។ ពេលបើកដល់ផ្ទះឪពុកគេ មិនបើកទ្វាររបងទេ ដោយឲ្យគេយកឡានប្រគល់ឲ្យម្ចាស់វិញ រូបគេក៏បើកលេងនៅក្នុងក្រុងសិរីសោភ័ណ រួចក៏បើកទៅលេងផ្ទះបងស្រី លុះព្រឹកថ្ងៃទី១៩ ខែមិថុនា ក៏ត្រូវកម្លាំងនគរបាលចាប់ខ្លួន ។

លោកឧត្តមសេនីយ៍ស្នងការរង បានបញ្ជាក់ថា៖ ជនសង្ស័យ ធ្លាប់ជាប់ពន្ធនាគារ ពីបទជាប់ពាក់ព័ន្ធករណីមនុស្សឃាត ក្រោយចេញពីពន្ធនាគារក៏ធ្វើសកម្មភាពលួចឡាន បច្ចុប្បន្នកម្លាំងជំនាញនគរបាលកម្រិតស្រាលបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធីច្បាប់ ចំណែករថយន្ត លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្ត បានធ្វើការប្រគល់ជូនម្ចាស់ដើមវិញ ៕

មតិយោបល់