ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៦នេះ លោក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋានចរាចរណ៍ផ្លូវគោកក្រសួងមហាផ្ទៃ បានដឹកនាំកម្លាំងចុះធ្វើការចែកខិតប័ណ្ណអប់រំផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ ដល់ប្រជាពលរដ្ឋ អ្នកធ្វើដំណើរ និងអ្នកបើកបររថយន្ត នៅតាមទីតាំងសំខាន់មួយចំនួននៅក្នុងរាជធានីភ្នំពេញ។
លោក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋានចរាចរណ៍ផ្លូវគោកក្រសួងមហាផ្ទៃ បានថ្លែងប្រាប់អ្នកសារព័ត៌មានថាយុទ្ធនាការនេះ ធ្វើឡើងក្នុងគោលបំណងអប់រំប្រជាពលរដ្ឋ អ្នកធ្វើដំណើរនិងអ្នកបើកបរឱ្យចូលរួមគោរពច្បាប់ចរាចរណ៍ក្នុងឱកាស បុណ្យចូលឆ្នាំខ្មែរ នាពេលខាងមុខនេះ។
លោកបានបន្តថា យុទ្ធនាការនេះ នឹងធ្វើជាបន្តបន្ទាប់រហូតដល់ថ្ងៃចូលឆ្នាំ ដើម្បីចូលរួមទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងការអត្រាស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ក្នុងបុណ្យចូលឆ្នាំខាងមុខ។ លោកក៏បានសំណូមពរឱ្យប្រជាពលរដ្ឋ ចូលរួមគោរព ច្បាប់ចរាចរណ៍ ទាំងអស់គ្នា សុំកុំជិះលើដំបូលរថយន្ត សុំកុំផ្ទុកលើសចំណុះ។
លោកថា នៅក្នុងថ្ងៃបុណ្យចូលឆ្នាំខ្មែរខាងមុខកម្លាំងនគរបាលចរាចរណ៍ក៏នឹងដាក់ប៉ុស្តិ៍ត្រួតពិនិត្យជាច្រើនកន្លែងផងដែរ សំដៅរឹតបន្តឹងការគោរពច្បាប់ចរាចរណ៍។
គួរបញ្ជាក់ថា ច្បាប់ចរាចរណ៍ផ្លូវគោកថ្មីត្រូវាបានដាក់ឱ្យអនុវត្តនៅថ្ងៃទី១ ខែមការ ឆ្នាំ២០១៦នៅក្រោយពេលដែលកម្ពុជា ត្រូវគេ មើលឃើញថា អ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍មានការកើនឡើងប្រមាណជា ៥ទៅ៦នាក់ជាមធ្យមក្នុងមួយថ្ងៃៗ។ ការអនុវត្តច្បាប់ចរាចរណ៍ថ្មីនេះ ត្រូវបានគេចាត់ទុកថា ជាមធ្យោយបាយដ៏មានប្រសិទ្ធភាពមួយដើម្បីកាត់បន្ថយបទល្មើសចរាចរណ៍ និងគ្រោះថ្នាក់ចរាចរណ៍នៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន៕
ព័ត៌មានជាតិ
មតិយោបល់