ឧត្តរមានជ័យៈ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ម៉ូតូបុកជាមួយម៉ូតូពេញទំហឹង លាន់ដូចរន្ទះ បណ្តាលឲ្យមនុស្ស៣នាក់ រងរបួសធ្ងន់ បាក់ជើងនិងខូចខាតខ្ទេចខ្ទីទាំង២គ្រឿង។
ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦ លើផ្លូវជាតិលេខ១៧១ ចន្លោះបង្គោល គីឡូម៉ែត្រ លេខ៥១. ៥២ ចំណុចភូមិអូរអង្រែរ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
នគរបាលស្រុកអន្លង់វែង បានឲ្យដឹងថា ជនរងគ្រោះទាំង៣នាក់ ទី១. ឈ្មោះ សៅ សីហា ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិថ្មី ឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ជាអ្នកបើកបរម៉ូតូ របួសបាក់ជើង ខាងឆ្វេង២កំណាត់ និងមិនពាក់មួក សុវត្ថិភាព ទី២. ឈ្មោះ ខេង រតនា ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិទំនប់ថ្មី ឃុំត្រពាំងតាវ ស្រុកអន្លង់វែង របួសបាក់ជើងឆ្វេងនិងមិនពាក់មួកសុវត្ថិភាព ទី៣. ឈ្មោះ ផល សុភា ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិអូររុន ឃុំថ្លាត ស្រុកអន្លង់វែង របួសបាក់ជើងខាងឆ្វេង និងមិនពាក់មួកសុវត្ថិភាព និងជាអ្នកបើកបរម៉ូតូមួយទៀត។
តាមរបាយការណ៍របស់សមត្ថកិច្ចចរាចរណ៍ ស្រុកអន្លង់វែង បានឲ្យដឹងថា ដោយមូលហេតុ បើកលឿន ករណីនេះ អធិការដ្ឋាននគរបាលស្រុក បានចាត់តាំងកម្លាំងជំនាញ និងមន្ត្រីប៉ុស្តិ៍ បានចុះដល់ទីតាំងកើតហេតុភ្លាមៗ ដើម្បីជួយអន្តរាគមន៍ យកជនរងគ្រោះទៅកាន់មន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង និងធ្វើកំណត់ហេតុតាមនីតិវិធីច្បាប់៕
មតិយោបល់