ព័ត៌មានជាតិ

ថ្លើមធំ! ហ៊ានចូលលួចកាត់ខ្សែភ្លើងក្នុងរោងចក្រជុងហ្វៃ ត្រូវសន្តិសុខទាន់ ជាប់ខ្នោះសមត្ថកិច្ច

ភ្នំពេញៈ បុរសជាជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ចាក់អង្រែក្រោម ធ្វើការចាប់ឃាត់ខ្លួន ក្រោយពីរូបគេបានចូលទៅធ្វើសកម្មភាពលួចកាត់ខ្សែរភ្លើងនៅក្នុងរោងចក្រកាត់ដេរមួយកន្លែងដែលមានយីហោ ជុងហ្វៃ បានមួយបាវ ហើយត្រូវកម្លាំងសន្តិសុខឃើញទាន់និងចាប់យកមកប្រគល់ឲ្យកម្លាំងសមត្ថកិច្ច។

ការចាប់ឃាត់ខ្លួននេះដែរបានធ្វើឡើងកាលពីវេលាម៉ោង១ និង១៥នាទីរសៀល ថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ ២០១៧ នៅចំណុចរោងចក្រ ជុងហ្វៃ ភូមិព្រែកតាឡុង៣ ផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមប្រភពពីមន្ត្រីនគរបាលម្នាក់បានប្រាប់ឲ្យដឹងថា បុរសជនសង្ស័យមានឈ្មោះ ស៊ុ វិចិត្រ អាយុ ៣៧ឆ្នាំ មុខរបរជាងសំណង់ ស្នាក់នៅក្នុងដីឡូតិ៍គ្មានលេខមួយកន្លែង ដែលស្ថិតនៅក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន។

មុនពេលកើតហេតុ ជនសង្ស័យខាងលើ បានលួចចូលទៅក្នុងរោងចក្រកាត់ដេរ ជុងហ្វៃ ដែលបិទទ្វាចោលនោះ ដោយមានកន្ត្រៃ និងបាវចំនួនមួយផងដែរ ដោយបានធ្វើសកម្មភាពលួចកាត់ខខ្សែភ្លើងជាច្រើន ដាក់ចូលទៅក្នុងបាវរបស់គេ ពេលនោះសន្តិសុខក៏បានឃើញ និងធ្វើការចាប់ខ្លួនយកមកប្រគល់ឲ្យនគរបាលប៉ុស្តិ៍ចាក់អង្រែក្រោមតែម្តង។

ក្រោយពេលកើតហេតុ បុរសជាជនសង្ស័យ និង កន្ត្រៃធំមួយ និង ខ្សែភ្លើងមួយបាវជាវត្ថុតាង ក៏បាននាំខ្លួនមកធ្វើការសាកសួរ និងកំណត់ហេតុនៅនគរបាលប៉ុស្តិ៍ចាក់អង្រែក្រោម ដើម្បីបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យចាត់ការទៅតាមផ្លូវច្បាប់ជាបន្តទៅទៀត៕

មតិយោបល់