កំពង់ស្ពឺៈ លោក តាប់ លន ស្នងការរងទទួលបន្ទុកសណ្ដាប់ធ្នាប់ និងចរាចរណ៍នៃស្នងការនគរបាលខេត្តកំពង់ស្ពឺ បានប្រាប់ Post News ថា នៅវេលាម៉ោង ១០ និង ០៤ នាទីព្រឹកថ្ងៃទី២៨ ខែឧសភា មានករណីគ្រោះថ្នាក់ចរាចណ៍មួយ រវាងរថយន្តប៉ះគ្នាជាមួយម៉ូតូ បណ្ដាលឲ្យស្លាប់ស្ត្រីម្នាក់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ។
ហេតុការណ៍នេះ បានកើតឡើងលើផ្លូវជាតិលេខ៤ ចន្លោះគីទ្បូម៉ែត្រលេខ ៨៦ ទៅ៨៧ ត្រង់ចំណុចមុខភូមិទី៥ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
រថយន្តបង្កស៊ីទែនមួយគ្រឿង មិនស្គាល់ម៉ាក បើកបរក្នុងទិសដៅពីលិចទៅកើត មកដល់ចំណុចកើតហេតុ បានប៉ះជាមួយម៉ូតូ១គ្រឿង ម៉ាក C125 Future ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរដោយឈ្មោះ ហោ ម៉េងលៀង ភេទស្រី អាយុ ៤៦ឆ្នាំ មានទីលំនៅភូមិទី១ ឃុំត្រែងត្រយឹង បើកបរទិសស្របគ្នា បណ្តាលឲ្យដួលហើយ ត្រូវរថយន្តកិនស្លាប់ នៅកន្លែងកើតហេតុ ដោយរថយន្តបានបើករត់គេចទៅទិសខាងកើតបាត់។
ពាក់ព័ន្ធនឹងករណីខាងលើ សមត្ថកិច្ចកំពុងតែធ្វើស្រាវជ្រាវបន្ត ដើម្បីស្វែងរកជនបង្ក មកទទួលទោសតាមផ្លូវច្បាប់ ៕
មតិយោបល់