ព័ត៌មានជាតិ

RANGE ROVER បើកដោយជនជាតិចិនស្រវឹង បុកតាក់ស៊ីក្នុងព្រលានយន្តហោះពោធិ៍ចិនតុងពេញទំហឹងវិល១ជុំបុកចូលផ្ទះប្រជាពលរដ្ឋ

ភ្នំពេញ: រថយន្តRANGE ROVER មួយគ្រឿងបើកបរដោយជនជាតិចិនម្នាក់ ក្នុងស្ថានភាពស្រវឹង ជោគជាំ ក្នុងល្បឿនលឿន មកដល់ចំណុចស្តុបបំបែកជា៤បានបុករថយន្តតាក់ស៊ីក្នុងព្រលានយន្តហោះពោធិ៍តុង ពេញទំហឹងបណ្តាលឲ្យរថយន្តវិលមួយជុំទៅបុកចូលផ្ទះប្រជាពលរដ្ឋនៅកែងផ្លូវរងការខូចខាតរថយន្តទាំងសងខាងយ៉ាងធ្ងន់ធ្ងរ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង១០នាទី យប់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧ ចំណុចស្តុបឧកញ៉ា ម៉ុង ឬទ្ធី កែងនឹងផ្លូវភ្នំពេញហាណូយ ក្នុងភូមិប៉ាយាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្តបង្កខាងលើម៉ាក RANGE ROVER ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ កណ្តាល 1A-8000 បើកបរដោយជនជាតិចិន (ជារថយន្តជួលគេ)។ ចំណែករថយន្តរងគ្រោះម៉ាក កាមរីបាឡែន ពណ៌ស ជារថយន្តតាក់ស៊ីព្រលានយន្តហោះពោធិ៍ចិនតុង ពាក់ស្លាកលេខ ភ្នំពេញ 2AE-7686 បើកបរដោយបុរសម្នាក់ឈ្មោះ ខាត់ ភាព អាយុ៣២ មុខរបរបើកតាក់ស៊ី។

តាមសាក្សីកន្លែងកើតហេតុ បានឲ្យដឹងថា មុនដំបូងគេឃើញរថយន្តតាក់ស៊ីបើកបរតាមបណ្តោយផ្លូវឧកញ៉ា ម៉ុង ឬទ្ធី ទិសដៅពីលិចទៅកើត ខណ:មកដល់ពាក់កណ្តាលចំណុចស្តុប ក៏មានរថយន្តបង្កម៉ាកRANGE ROVER មួយគ្រឿងបើកបរយ៉ាងលឿនតាមបណ្តោយផ្លូវភ្នំពេញហាណូយ ក្នុងទិសដៅពីត្បូងទៅជើង បានបុកចំពាក់កណ្តាល រថយន្តកាមរីបាឡែនពេញទំហឹងប៉ើងវិល១ជុំបុកចូលផ្ទះប្រជាពលរដ្ឋ បាក់ទ្វារផ្ទះនិងបែកផើងផ្កាមួយចំនួន ហើយអ្នកបើកបររថយន្តបាឡែនបែកក្បាលនិងបែកចិញ្ចើម។ ចំណែករថយន្តRANGE ROVER វិល១ជុំ បែរក្បាលត្រឡប់ក្រោយ ជនជាតិចិនគ្មានរបួសអ្វីនោះទេ។

ក្រោយកើតហេតុ ដោយខូចខាតធ្ងន់ធ្ងរពេក និងសម្រួលគ្នាមិនត្រូវផងនោះ ទើបសមត្ថកិច្ចចរាចរណ៍ខណ្ឌ សហការជាមួយចរាចរណ៍ក្រុងវាស់វែងធ្វើកំណត់ហេតុស្ទួចយករថយន្តទាំង ២គ្រឿងទៅទុកនៅការិយាល័យ ចរាចរណ៍រាជធានីភ្នំពេញ ដើម្បីរង់ចាំភាគីរថយន្តទាំងសងខាងចូលខ្លួនមកដោះស្រាយគ្នាពេលក្រោយតាមផ្លូវច្បាប់បន្តទៀត៕

មតិយោបល់