បាត់ដំបងៈ តាមសេចក្តីរាយការណ៍ពីភ្នាក់ងារ Post News ប្រចាំខេត្តបាត់ដំបង បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង បន្ទាប់ពីបុរសម្នាក់ ជិះម៉ូតូចូលចំណែកផ្លូវរថយន្ត ត្រូវរថយន្តមួយគ្រឿងបុកពេញទំហឹង បណ្តាលឲ្យស្លាប់ ក្នុងសភាពយ៉ាងរន្ធត់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង១៥នាទី យប់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយ ផ្លូវជាតិលេខ៥ ក្នុងភូមិអណ្តូងចេញសង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញជនរងគ្រោះខាងលើ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ មួយគ្រឿងក្នុងល្បឿនលឿន និងចូលចំណែកផ្លូវខាងរថយន្ត លុះដល់ចំណុចកើតហេតុ ស្រាប់តែត្រូវរថយន្តបង្កខាងលើ បុកយ៉ាងពេញទំហឹង បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័មតែម្តង។
ក្រោយកើតហេតុអ្នកបើកបររថយន្តបង្កខាងលើ បានបើកទ្វាររថយន្តចុះរត់គេចខ្លួនបាត់ស្រមោល ដោយបន្សល់ទុករថយន្តបង្កនៅនឹងកន្លែងកើត ត្រូវបានសមត្ថកិច្ចធ្វើការវាស់វែង យកទៅរក្សាទុកដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាពេលក្រោយតាមផ្លូវច្បាប់។ ចំណែកសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់