ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យម្នាក់ ព្រមទាំងដកហូតថ្នាំញៀន១កញ្ចប់ និងម៉ូតូ១គ្រឿង

ភ្នំពេញ: ជនសង្ស័យម្នាក់ ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ស្វាយប៉ាក បានធ្វើការស្រាវជ្រាវកំណត់មុខសញ្ញាបានឈានដល់ការចុះបង្ក្រាបចាប់ឃាត់ខ្លួន។

ប្រតិបត្តិការណ៍ចុះបង្ក្រាបនេះកាលពីវេលាម៉ោង៣ រសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧ ដែលស្ថិតនៅតាមបណ្តោយផ្លូវលំ ក្រុម៦ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ជនសង្ស័យម្នាក់ឈ្មោះ ពៅ ពេជ្រ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរតន្ត្រីករ (ប្រើប្រាស់គ្រឿងញៀន) ស្នាក់នៅភូមិព្រែកតាតេន ឃុំព្រែកតាតេន ស្រុកពញាឮ ខេត្តកណ្តាល។

សមត្ថកិច្ចបានបន្តថា មុនពេលចុះប្រតិបត្តិការនេះ គឺកម្លាំងសមត្ថកិច្ចយើងបានធ្វើការជិះល្បាតក្នុងមូលដ្ឋាន ដើម្បីការពារសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ ខណ:ដែលកំពុងជិះល្បាត ស្រាប់តែប្រទះឃើញជនសង្ស័យខាងលើ ដោយមានការសង្ស័យ ក៏សមត្ថកិច្ចយើងធ្វើការហៅឈប់ឆែកឆេររកឃើញថ្នាំញៀន មួយកញ្ចប់ និងបានដកហូតម៉ូតូ មួយគ្រឿង ម៉ាក Sirius ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1AA-7315។

ក្រោយមកសមត្ថកិច្ចយើងបានបញ្ជូនខ្លួនជនសង្ស័យខាងលើទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយប៉ាក ដើម្បីសាងសួរ។

ក្រោយពីធ្វើការសាកសួររួចមក ជនសង្ស័យខាងលើបានសារភាពថា រូបគេពិតជាបានប្រើប្រាស់គ្រឿងញៀនពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យខាងលើ រួមនឹងវត្ថុតាង ត្រូវសមត្ថកិច្ចបញ្ជូនខ្លួនទៅឃុំជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់៕

មតិយោបល់