ភ្នំពេញៈ រថយន្តស៊េរីទំនើបម៉ាក Range Rover មួយគ្រឿងបើកចេញពីវត្តសន្សំកុសលលឿនខ្លាំងពេក បួងចង្តួតមិនទាន់ ក៏ជ្រុលទៅបុកនឹងក្បាលរបាំងថ្មចែកទ្រូងផ្លូវយ៉ាងពេញទំហឹង បណ្តាលឲ្យរថយន្តខូចខាតកង់មួយចំហៀងទៅមុខលែងរួចតែម្តង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៧ នៅក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៍មានពីកន្លែងកើតហេតុបានឲ្យដឹងថា៖ នៅមុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ បើករថយន្តមួយគ្រឿងម៉ាក Range Rover ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2S-3378 បានធ្វើដំណើរតាមបណ្តោយផ្លូវចេញពីវត្តសន្សំកុសល ក្នុងល្បឿនលឿនលុះដល់ចំណុចកើតហេតុ រថយន្តបានបួងចង្កួតបត់ស្តាំឡើងមកផ្លូវលេខ២៧១ ក្នុងទិសដៅពីត្បូងទៅជើង តែបួងមិនទាន់ក៏ជ្រុលទៅបុកក្បាលព្រួញចែកទ្រូងផ្លូវពេញទំហឹងតែម្តង បណ្តាលឲ្យរថយន្តខូចខាតកង់ខាងឆ្វេងផ្នែកមុខ យ៉ាងដំណំ ហើយភ្លាមៗអ្នកបើករថយន្តបានគេចពីកន្លែងកើតហេតុបាត់ ដោយបន្សល់ទុករថយន្តបង្កនៅនឹងកន្លែង។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍បានចុះមកធ្វើការវាស់វែង យករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការនគរបាលរាជធានីភ្នំពេញដើម្បីរង់ចាំធ្វើការដោះស្រាយនៅពេលក្រោយតាមផ្លូវច្បាប់បន្តទៀត៕
មតិយោបល់