ព័ត៌មានជាតិ

ឈ្មួញនៅតែបន្ត ដឹកឈើទៅវៀតណាម ទាំងយប់ក្រោយពីបង់លុយជូនសមត្ថកិច្ច

រតនគីរី: ឈ្មួញបន្តដឹកឈើតាមផ្លូវជាតិលេខ៧៨ យកទៅលក់ឲ្យឈ្មួញវៀតណាម នៅច្រករបៀងភ្នំ(ក្រហម) និងច្រករបៀនភូមិ(ភិ)សព្វថ្ងៃដូចទឹកបាក់ទំនប់ បើទោះជាថ្មីៗនេះ មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលបានបញ្ជាក់ថា គ្មានករណីដឹកឈើទៅលក់ឲ្យឈ្មួញវៀតណាម នៅតាមបន្ទាត់ព្រំដែនក៏ដោយ ក៏មានសេចក្តីរាយការណ៍ ពីខេត្តរតនគិរី បានឲ្យដឹងថាឈើប្រណីតនៅតែអាចបន្តដឹកយកទៅលក់ឲ្យឈ្មួញវៀតណាម តាមច្រករបៀងព្រំដែនដដែល។

ប្រភពដដែលបានបញ្ជាក់ថា ការដឹកជញ្ជូន ឈើប្រណិត និងឈើសុក្រំ ដែលដឹកឆ្ពោះទៅប្រទេសវៀតណាម តាមច្រករបៀងភូមិភិ និងច្រករបៀងភ្នំក្រហម ភាគច្រើនប្រព្រឹត្តិទៅនៅពេលយប់ និងមានក្រុមរថយន្តបើកតាមការពារពីក្រោយ ហើយសមត្ថកិច្ចជំនាញក៏មិនហ៊ានបង្ក្រាបផងដែរ។

សកម្មជនព្រៃឈើនៅស្រុកអូរយ៉ាងដាវ ខេត្តរតនគិរី បានរាយការណ៍ឲ្យដឹងថាជារៀងរាល់ថ្ងៃ ជាពិសេសនៅពេលយប់ ពួកគាត់សង្កេតឃើញរថយន្ត គ្រប់ប្រភេទប្រមាណ ២០ទៅ៣០គ្រឿង ដូចជាម៉ាកធុនដ្រា, ឡង់គ្រីស័រ, លុច្សស៊ីស មួយបាំងកន្លះ, សាំយ៉ុង, ឆ្លាម និងរថយន្តបាឡែនជាដើម សម្រុកដឹកឈើប្រណិត និងឈើសុក្រំ ឆ្ពោះទៅប្រទេសវៀតណាម ប៉ុន្តែពុំដែលឃើញសមត្ថកិច្ចជំនាញ និងស្ថាប័នពាក់ព័ន្ធធ្វើការបង្ក្រាបនោះទេ។

ប្រភពដដែលបានបញ្ជាក់ថា ឈើភាគច្រើនបំផុត ដឹកចេញទៅប្រទេសវៀតណាមតាមច្រករបៀង ស្ថិតក្នុងច្រកភូមិភិ ដែលគ្រប់គ្រងដោយលោក សេក ឌុលជាមេប៉ុស៌ និងច្រករបៀន ភ្នំក្រហម ដែលគ្រប់គ្រងដោយកម្លាំង នគរបាលវរការពារព្រំដែន គោកលេខ៦២៣ និងកម្លាំងយោធាវរការពារព្រំដែនគោកលេខ១០២។

ជុំវិញបញ្ហាខាងលើនេះ លោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើរតនគិរី បានធ្វើការបដិសេធចំពោះការសាកសួររបស់អ្នកសារព័ត៌មានថា ក្នុងខេត្តដែលលោកគ្រប់គ្រងសព្វថ្ងៃនេះ លោកពុំមានឃើញបទល្មើសអ្វីទេ៕

photo_2016-05-20_21-53-07 photo_2016-05-20_21-53-08

មតិយោបល់