ព័ត៌មានជាតិ

ធ្លាយឧស្ម័នក្នុងសិប្បកម្មផលិតទឹកកក បង្កការភ្ញាក់ផ្អើលទាំងព្រឹក!

ភ្នំពេញ: ធុងឧស្ម័ននៅក្នុងសិប្បកម្មផលិតទឹកកកមួយកន្លែង បានធ្លាយចេញបង្កជាសម្លេង បង្កការភ្ញាក់ផ្អើល ហើយភ្លាមៗនោះប្រជាពលរដ្ឋ បានរាយការណ៌ប្រាប់នគរបាលប៉ុស្ដិ៍ចោមចៅថា មានការផ្ទុះធុងឧស្ម័ននៅក្នុងសិប្បកម្មផលិតទឹកកកមួយនោះ ទើបកម្លាំងនគរបាលបានចេញទៅអន្តរាគមន៏ ភ្លាមៗដែរ។ ប៉ុន្តែពេលទៅដល់ពិនិត្យជាក់ស្ដែង ទើបដឹងថា ការផ្ដល់ព័ត៌មានខាងលើ គឺជាការបំប៉ោង សភាពការណ៍តែប៉ុណ្ណោះ ដែលតាមពិតធុងឧស្ម័នអត់មានផ្ទុះទេ គឺគ្រាន់តែមានការលេចខ្យល់ ហើយត្រូវ បានគេបិទជិតទៅវិញហើយ។

ហេតុការភ្ញាក់ផ្អើលនោះ បានកើតឡើងកាលពីវេលាម៉ោង៨និង៣៥នាទីព្រឹក ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧ នៅក្នុងសិប្បកម្មផលិតទឹកកកយីហោ《ឆេង សុភារី》ដែលមានទីតាំងស្ថិតនៅ ក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលមានការភ្ញាក់ផ្អើល ប្រជាពលរដ្ឋបានប្រាប់ថានគរបាលថា មានការផ្ទុះធុងឧស្ម័ននៅក្នុងសិប្បកម្មផលិតទឹកកកខាងលើយ៉ាងកក្រើក ពេលនោះនគរបាលប៉ុស្ដិ៍ចោមចៅ បានចេញទៅពិនិត្យមើលភ្លាមៗ ដើម្បីអន្តរាគមន៍ព្រោះឮថាផ្ទុះបែបនេះ ប្រាកដជាមនុស្សរងរបួសឬក៏ស្លាប់ជាមិនខាន។ ប៉ុន្តែពេលទៅដល់ឃើញកម្មករនៅក្នុងសិប្បកម្មនោះធ្វើការជាធម្មតាប៉ុណ្ណោះ គ្មានមនុស្សណាម្នាក់គ្រោះថ្នាក់នោះឡើយ ចំណែកឯម៉ាស៊ីនសង្វាក់ផលិតកម្មក្នុងសិប្បកម្មទាំងមូល ដំណើរការជាធម្មតាដែរ ដោយកម្មករនៅទីនោះបានប្រាប់ថា មានការធ្លាយធុងឧស្ម័ន សម្រាប់បង្កកទឹកឲ្យរឹងកកបន្តិចបន្តួចតែប៉ុណ្ណោះ ធ្វើឲ្យធ្លាយខ្យល់លាន់ឮជាសម្លេងខ្លាំងៗ បន្ទាប់មកត្រូវបានបិទជិតវិញហើយ។

ចំណែកម្ចាស់សិប្បកម្មបានប្រាប់ថា អត់មានអ្វីធំដុំកើតឡើងនៅក្នុងសិប្បកម្មរបស់គាត់នោះទេ គឺមានសភាពជាធម្មតាតែប៉ុណ្ណោះ ហើយបើមានគឺមានតែករណីធ្លាយធុងខ្យល់ សម្រាប់សប់កង់រថយន្តតែប៉ុណ្ណោះ ដោយសារតែកម្មកររបស់គាត់មួលក្បាលវ៉ានបិទអត់ជិត ប៉ុន្តែពេលនេះបានបិទជិតវិញហើយ អត់មានពាក់ព័ន្ធនិងម៉ាស៊ីនសង្វាក់ផលិកម្មឡើយ៕

មតិយោបល់