ព័ត៌មានជាតិ

ជនជាតិចិនម្នាក់ បើករថយន្តលឿន រេចង្កូតបុករទេះលក់មីឆា បណ្តាលឲ្យស្រ្តីម្នាក់រងរបួសធ្ងន់

ភ្នំពេញ: នៅវេលាម៉ោង០៩និង១០នាទីយប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ បុរសជនជាតិចិនម្នាក់ បើករថយន្ត FORD EVEREST មួយគ្រឿង ក្នុងល្បឿនលឿនជ្រុលចង្កូតបុករទេះលក់មីឆា និងទឹកក្រឡុកខ្ទាតរាយប៉ាយ និងធ្វើឲ្យខ្ទាតទឹកស៊ុបទៅលើស្ត្រីម្នាក់ កំពុងឈរលក់បណ្តាលឲ្យរងរបួសធ្ងន់ ទីតាំងស្ថិតត្រង់ចំណុចខាងជើងស្ពាន អាកាសផ្សារដីហុយ តាមបណ្ដោយផ្លូវហាណូយ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

នៅមុនពេលកើតហេតុ គេឃើញជាជនជាតិចិនម្នាក់ បានបើកបររថយន្តមួយគ្រឿងម៉ាក FORD EVEREST ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2BI-8718 ធ្វើដំណើរតាមបណ្ដោយផ្លូវហាណូយ ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន លុះដល់ចំណុច កើតហេតុ ស្រាប់តែរេចង្កូត ជ្រុលទៅបុករទេះលក់មីឆា និងទឹកក្រឡុកនៅក្បែរចិញ្ចើមផ្លូវ បណ្តាលឲ្យបាក់បែកតុកៅអី និងរបស់ បរមួយចំនួនទៀត ខ្ទាតរាយប៉ាយរងការខូចខាត ហើយខ្ទាតទឹកស៊ុបស្រោច លើខ្លួនស្ត្រីម្នាក់ បណ្តាលឲ្យរងរបួស ធ្ងន់ ។ ចំណែកឯ រថយន្តបានរងការខូចខាត និងម្ចាស់ត្រូវសមត្ថកិច្ចឃាត់ផងដែរ ។

ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តគ្លីនិកឯកជន ដឹកយកទៅសង្គ្រោះភ្លាមៗ ។ ចំណែកឯរទេះលក់មីឆានិងរថយន្ត រួមទាំងអ្នកបើកបរ ត្រូវបានសមត្ថកិច្ចជំនាញធ្វើការវាស់វែង និងនាំយកទៅកាន់ការិយាល័យ ចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធីច្បាប់ ៕

មតិយោបល់