ព័ត៌មានជាតិ

ចាប់បានចោរលួចចេកជិត៦០ស្និត នៅខេត្តកណ្តាល

កណ្តាលៈ ជនសង្ស័យចំនួន២នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពលួចចេក របស់ប្រជាពលរដ្ឋចំនួន៥៥ស្និត ហើយព្យាយាមគេចខ្លួន។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៤២នាទី ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅចំណុច ភូមិព្រែកតាតិន ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះជាម្ចាស់ចេក មានឈ្មោះ ជា វិចិត្រ ភេទប្រុសអាយុ៣១ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅភូមិព្រែកតាជ័រ ឃុំស្វាយប្រទាល ស្រុកស្អាងខេត្ត កណ្តាល ,ទី២ឈ្មោះ ហេង ហៃ ភេទប្រុស អាយុ៦០ឆ្នាំ មុខរបរកសិករ ទី៣ឈ្មោះ ឯម អុន ភេទប្រុស អាយុ៧២ឆ្នាំ មុខរបរកសិករ។ អ្នកទាំង២នាក់ខាងលើ ស្នាក់នៅភូមិឬស្សីជ្រោយ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល។

ចំណែកជនសង្ស័យទាំង២នាក់ ទី១មានឈ្មោះ ទ្រី សុងហាក់ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ និងជនរងគ្រោះទី២.ឈ្មោះ វ៉ាន់ លីហ៊ូវ ហៅង៉ូវ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ។ អ្នកទាំង២នាក់ខាងលើ មានទីលំនៅៗភូមិព្រែកតាជ័រ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល។
ក្នុងនោះដែរ សមត្ថកិច្ចដកហូតបាន ម៉ូតូ១គ្រឿងម៉ាកសង់កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខ កណ្តាល 1P-1037 និងផ្លែចេកណាំវ៉ាចំនួន៥៥ស្និត។

មុនពេលកើតហេតុ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្វាយប្រទាលបានចេញល្បាតតាមភូមិសាស្រ្ត មកដល់ចំណុច ភូមិព្រែកតាតិន បានជួបប្រទះមុខសញ្ញាចោរលួចកំពុងដឹកចេក២បាវ ដោយម៉ូតូ១គ្រឿងម៉ាកសងកូរ៉េ ពណ៌ក្រហម ភ្លាមនោះសមត្ថកិច្ចបានឃាត់ខ្លួនឈ្មោះ ទ្រី សុងហាក់ និងឈ្មោះ វ៉ាន់ លីហ៊ូវ ហៅង៉ូវ មកសាកសួរ។

នៅចំពោះមុខសមត្ថកិច្ចជនល្មើសខាងលើបានសារភាពថា ខ្លួនលួចកាប់ចេកណាំវ៉ានៅដីចម្ការចេករបស់ឈ្មោះ ជា វិចិត្រ ឈ្មោះឯម អុន និងឈ្មោះ ហេង ហៃ ស្ថិតនៅភូមិឬស្សីជ្រោយ ឃុំស្វាយប្រទាល នៅវេលាម៉ោង៧យប់ថ្ងែខែឆ្នាំដដែល ដើម្បីយកលក់ឲ្យគេមិនស្គាល់ឈ្មោះនៅឃុំកំពង់ស្វាយស្រុកៀនស្វាយខេត្តកណ្តាល៕

មតិយោបល់