ភ្នំពេញៈ ស្ត្រីម្នាក់បាននាំទាំងប្តីនិងកូនស្រីផងនោះ បានដើរមកកាន់សាលាសង្កាត់ចោមចៅដើម្បីប្តឹងឲ្យជួយអន្តរាគមន៍ ព្រោះប្តីផឹកស្រវឹងនិយាយលែងស្តាប់គ្នាទ្រាំលែងបានទៀត ហើយចង់លែងលះតែចែកកូនមិនដាច់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងជាង១២ថ្ងៃត្រង់ ថ្ងៃទី៥ខែមិថុនា ឆ្នាំ២០១៧ នៅបរិវេនសាលាសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ស្ត្រីជាប្រពន្ធមានឈ្មោះ រ៉ាយ សុខនៅ អាយុ២៧ឆ្នាំ មុខរបរ កម្មការិនីរោងចក្រ ស្នាក់នៅភូមិចោមចៅ សង្កាត់ចោមចៅ។ ចំណែកបុរសជាប្តីមានឈ្មោះ ថៃ ប៊ុនហាន អាយុជាង៣០ឆ្នាំ អតីតកីឡាប្រដាល់ និងបច្ចុប្បន្នជាអ្នលលក់ទឹកម្ទេស ទឹកត្រីនិងទឹកស៊ីអ៊ីវ ស្នាក់នៅជាមួយប្រពន្ធនិងមានស្រុកកំណើតនៅខេត្តកំពង់ស្ពឺ។
ប្រភពព័ត៌មានពីស្ត្រីជាប្រពន្ធបានឲ្យដឹងថា ពួកគាត់បានចាប់ដៃគ្នាជាប្តីប្រពន្ធអស់រយៈពេល៤ឆ្នាំមកហើយមិនបានចុះអេតាស៊ីវិលនោះទេ ព្រមទាំងមានកូនស្រីម្នាក់នៅក្នុងបន្ទុក ហើយពួកគាត់មិនដែលមានរឿងអ្វីធំដុំនៅក្នុងគ្រួសារនោះទេ ទើបតែនៅរយៈពេលចុងក្រោយនេះប្តីរបស់គាត់តែងតែដើរផឹកស្រានិងនិយាយមិនចេះស្តាប់គ្នា ហើយធ្លាប់បានប្រើហិង្សាមកលើរូបគាត់ជាប្រពន្ធចំនួន២លើកមករួចមកហើយ។
ស្ត្រីដដែលបន្តថា គាត់និងប្តីបាននិយាយគ្នាអំពីការលែងលះនេះរួចហើយលោកប្តីក៏សុខចិត្តលែងលះដែរ តែនៅទាស់តែចែកកូនគ្នាមិនដាច់ព្រោះគាត់មិនចង់បាត់បង់កូន ហើយប្តីក៏មិនចង់បាត់បង់កូនទើបនាំគ្នាធ្វើដំណើរមកកាន់សាលាសង្កាត់ចោមចៅដើម្បីឲ្យខាងសង្កាត់ជួយអន្តរាគមន៍តែម្តង៕


https://youtu.be/a20hGmWLKpQ
មតិយោបល់