ភ្នំពេញៈ ក្រុមក្មេងស្ទាវមួយហ្វូង ប្រមាណ៣០ម៉ូតូ ដែលកំពុងធ្វើសកម្មភាពដេញវៃកាប់ទៅលើយុវជន២នាក់ ដែលទើបចេញមកពីកោះពេជ្រ ធ្វើដំណើរត្រឡប់ទៅផ្ទះ តែមិនទាន់បានវាយប្លន់ផង ស្រាប់តែមានមន្រ្តីយោធាប្រុសស្រី៣នាក់ ជិះរថយន្តស៊េរីទំទើប១គ្រឿង ដកកាំភ្លើងខ្លីបាញ់១គ្រាប់ដើម្បីបំបែកហ្វូងក្រុមក្មេងស្ទាវទាំងនោះ បណ្តាលឲ្យយុវជន២នាក់ ភ័យជិះរត់ក៏បានជ្រុលចង្កូតបុកជញ្ជាំងទ្វារផ្ទះប្រជាពលរដ្ឋហើយបានរត់យករួចខ្លួនទាំង២នាក់ ក្នុងនោះក៏មានម៉ូតូហុងដាឌ្រីម២០១៧ មួយគ្រឿងផ្សេងទៀត ផ្តួលទុកចោលដែលម្ចាស់រត់គេចខ្លួនផងដែរ នៅសល់តែជនរងគ្រោះត្រូវសមត្ថកិច្ចនាំខ្លួនទៅសាកសួរ។
ហេតុការណ៍ដែលធ្វើឲ្យមានការភ្ញាក់ផ្អើលស្ទើរពេញមួយចំហៀងក្រុងនេះបានកើតឡើងនៅវេលាម៉ោង១យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវ២៧១ ទល់មុខធនាគារ អេស៊ីលីដា ដែលស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ២នាក់ដែលត្រូវក្រុមក្មេងស្ទាវទាំងនោះដេញកាប់ ឈ្មោះ ជុំ តុលា អាយុ១៧ឆ្នាំ មុខរបរអ្នកលើកម្ហូបក្នុងហាង ស្នាក់នៅភូមិអូបែកក្អម សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក ជាអ្នកបើកបរម៉ូតូម៉ាក NEX ស្លាកលេខភ្នំពេញ 1BZ-1339 រួមដំណើរជាមួយមិត្តភក្តិម្នាក់ឈ្មោះ ឈុំ ហៀង អាយុ១៧ឆ្នាំ របរជាកូនជាងមាស ស្នាក់នៅម្តុំផ្សារPC សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
រីឯម៉ូតូហុងដាឌ្រីមស៊េរី២០១៧ មួយគ្រឿង ដែលស្នាមកាប់យកស្លាកលេខទៅបាត់ ចំណែកម្ចាស់ម៉ូតូមិនដឹងថាទៅទីណាទេ រីឯរថយន្តស៊េរីទំនើប១គ្រឿងបើកបរដោយស្រ្តីម្នាក់ រួមដំណើរជាមួយបុរស២នាក់ទៀត នៅក្នុងរថយន្តដែលមានម៉ាក ធុនត្រា គ្មានស្លាកលេខ។
បើតាមសម្តីរបស់យុវជនឈ្មោះ ជុំ តុលា ដែលសមត្ថកិច្ចចាត់ទុកថាជាជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុខ្លួននិងមិត្តភក្តិឈ្មោះ ឈុំ ហៀង បានធ្វើដំណើរជិះម៉ូតូម៉ាក NEXខាងលើ ដើរទៅលេងនៅកោះពេជ្រ ហើយក៏បានជិះត្រឡប់មកផ្ទះនៅអូរបែកក្អម តែដោយសារយប់ជ្រៅពេកមិនហ៊ានហៅទ្វាក៏បានត្រឡប់ទៅផ្ទះរបស់ ឈុំ ហៀង នៅឯបឹងទំពុន ដោយបានធ្វើដំណើរឆ្លងកាត់ស្ពានអាកាសស្ទឹងមានជ័យ ស្រាប់តែមានក្រុមស្ទាវមួយក្រុមប្រមាណជាង២០ទៅ៣០ម៉ូតូបានជិះដេញតាមខ្លួនពីក្រោយ ខ្លួនក៏បានបន្ថែមល្បឿនក្នុងគោលបំណងគេចឲ្យផុតពីក្រុមទាំងនោះ ក៏ស្រាប់តែដល់កើតហេតុខាងលើគឺរថយន្តស៊េរីទំនើបនៅពីមុខ បើកស្របទិសគ្នា បានដកកាំភ្លើងខ្លី១ដើមបាញ់ឡើងលើ១គ្រាប់ ធ្វើផ្អើលដល់សមត្ថកិច្ច និងជនសង្ស័យភ័យខ្លួនជិះបុកជញ្ជាំងទ្វារហើយរត់គេចខ្លួនបាត់ ទើបឃើញសមត្ថកិច្ចបង្ហាញមុខតែម្តង។
ចំណែកឯម្ចាស់រថយន្តស៊េរីទំនើបខាងលើមិនត្រូវបានបង្ហាញអត្តសញ្ញាណឲ្យដឹងនោះទេគ្រាន់តែបានប្រាប់ថាគាត់ជាមន្រ្តីយោធា ហើយគាត់បានបញ្ជាក់បន្ថែមទៀតថា មូលហេតុដោយសារគាត់សម្រេចចិត្តដកកាំភ្លើងបាញ់ឡើងលើនោះគឺ ខ្លាចក្រែងមានករណីមិនល្អមកលើខ្លួន ព្រោះស្ថានភាពពេលនោះ មិនដឹងថាក្រុមក្មេងស្ទាវទាំងនោះដេញតាមអ្វី ទើបគាត់សម្រេចចិត្តបាញ់ដើម្បីបំបែកហ្វូងក្មេងស្ទាវផងទាំងនោះ។
ក្រោយពេលបន្ទុះសម្លេងគ្រាប់កាំភ្លើង១គ្រាប់សមត្ថកិច្ចបានចុះទៅដលយកន្លែងកើតហេតុហើយបានឃាតរថយន្តរបស់មន្រ្តីយោធា និងម៉ូតូ២គ្រឿង នាំទៅប៉ុស្តិ៍នគរបាលដើម្បីធ្វើការសាកសួរបន្ថែមផងដែរ៕
ព័ត៌មានជាតិ
មតិយោបល់