ព័ត៌មានបច្ចេកវិទ្យា

យប់មិញនេះ ដឹងអត់ Apple បើកបង្ហាញ iOS 11 ជាមួយមុខងារពិសេសថ្មីៗអ្វីខ្លះ?

នៅក្នុងព្រឹត្តិការណ៍ Worldwide Developer Conference នៅយប់មិញនេះ ក្រុមហ៊ុន Apple បានបើកបង្ហាញប្រព័ន្ធប្រតិបត្តិការជំនាន់ថ្មីៗរបស់ខ្លួន ហើយក្នុងនោះក៏រួមមានប្រព័ន្ធ iOS ជំនាន់ទី ១១ ផងដែរ។

ខាងក្រោមនេះ គឺជាលក្ខណ:សម្បត្តិសំខាន់ៗដែល Apple បានធ្វើការឧទ្ទេសឡើងនៅលើ iOS 11 សម្រាប់ iPhone និង iPad នៅយប់មិញនេះ៖

១- មុខងារ AR (Augmented Reality) នឹងចេញមកឆាប់ៗសម្រាប់ iPhone និង iPad

២- Siri ថ្មី អាចសិក្សាដឹង និងស្នើឡើងនូវអ្វីដែលលោកអ្នកចូលចិត្ត និងចាប់អារម្មណ៍ ព្រមទាំងមានសមត្ថភាពយល់ពីសំឡេងធម្មជាតិរបស់មនុស្សបានកាន់តែសុក្រិត

៣- កម្មវិធី Camera មានការផ្លាស់ច្រើនជាមួយបច្ចេកវិទ្យាបង្រួមរូបភាពថ្មី ធ្វើឱ្យឯកសារវីដេអូស៊ីទំហំមេម៉ូរីកាន់តែតិចខ្លាំង ជាមួយមុខងារ Live Photo អនុញ្ញាតឱ្យលោកអ្នកកាត់តម្រឹម និងកែរូបថតបានយ៉ាងងាយ។

៤- Control Center ច្របាច់បញ្ចូលលើផ្ទាំងតែមួយ

៥- ផ្ទាំង Notification និង Lock Screen ក្លាយជាផ្ទាំងតែមួយរួមគ្នា ហើយអាចអូសទៅឆ្វេងស្តាំ ដើម្បីចូលទៅកាន់ Widget និងកាមេរ៉ាបានយ៉ាងងាយ

៦- Apple Pay អនុញ្ញាតឱ្យលោកអ្នកវេរលុយពីម្នាក់ទៅម្នាក់តាម iMessage និងផ្ទៀងផ្ទាត់គណនីធនាគារតាម Touch ID

៧- Apple Maps អាចបង្ហាញ និងណែនាំទីកន្លែងផ្សេងៗរហូតដល់ខាងក្នុងអគារ​ ដូចជាក្នុងព្រលានយន្តហោះ និងផ្សារទំនើបជាដើម

៨- Apple Car Play មានបន្ថែមជម្រើស Do Not Disturb ខណ:កំពុងបើកបរ

៩- Apple Music មានបន្ថែមមុខងារ Multiroom ដែលអនុញ្ញាតឱ្យលោកអ្នកចាក់ចម្រៀងដូចគ្នាស្តាប់ចេញពីឧបករណ៍បំពងសំលេងផ្សេងៗគ្នាបាន ហើយវាក៏គាំទ្រជាមួយកម្មវិធីផ្សេង ក្រៅពីកម្មវិធីរបស់ Apple ផងដែរ។

១០- AppStore ត្រូវបានរចនាឡើងថ្មីទាំងស្រុង ដោយវាមានការបែកចែងកម្មវិធី និងហ្គេម ដាច់ដោយឡែកពីគ្នា ហើយមានកម្មវិធីសម្រាំង និងពេញនិយមបំផុតប្រចាំថ្ងៃផងដែរ។

ព័ត៌មានលម្អិតបន្ថែមទៀតទាក់ទងទៅនឹងលក្ខណ:សម្បតិ្តទាំងនេះ ក្រុមការងារ Post Tech នឹងបង្ហាញជូនប្រិយមិត្តឱ្យបានជ្រាបនៅពេលក្រោយ៕

មតិយោបល់