ព័ត៌មានជាតិ

Update: ចៅក្រមសម្រេចឃុំខ្លួនបុរសម្នាក់ករណីបង្កគ្រោះថ្នាក់ចររាចរណ៍ស្លាប់ម្នាក់នៅស្រុកអង្គស្នួល

កណ្ដាលៈ លោក ងួន វុទ្ធី ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្ដាល កាលពីល្ងាចថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៧ បានសម្រេចឃុំខ្លួនបុរសម្នាក់ដាក់ពន្ធនាគារបណ្តោះអាសន្ន ដើម្បីស៊ើបសួរករណីបង្កគ្រោះថ្នាក់ចររាចរណ៍ស្លាប់ម្នាក់នៅស្រុកអង្គស្នួល។

លោក សំម ឫទ្ធីវាសនា អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកណ្ដាល បានបញ្ជាក់ថា បុរសរូបនេះឈ្មោះ ឈួន ឧត្តម អាយុ២៦ឆ្នាំ ត្រូវបានលោកស្រី ស៊ុន យ៊ីត ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្ដាល ចោទប្រកាន់ពីបទ “បើកបរធ្វេសប្រហែសបណ្តាល ឲ្យស្លាប់អ្នកដទៃ”តាមមាត្រា៨៥ច្បាប់ស្តីពីចររាចរណ៍ផ្លូវគោក។

ហេតុការណ៍នេះបានកើតឡើង កាលពីយប់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ ត្រង់ចំណុចមុខភូមិត្រពាំងស្វាយ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។

របាយការណ៍នគរបាលស្រុកអង្គស្នួល បង្ហាញថា នៅមុនពេលកើតហេតុ មានរថយន្តមួយគ្រឿងម៉ាក តូយូតា LUCIDAពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ 2G 6693 បើកបរដោយឈ្មោះ ឈួន ឧត្ដម បានបើកពីទិសខាងលិចទៅកើត (កំពង់សោមទៅភ្នំពេញ)។ លុះដល់ចំណុចកើតហេតុ រថយន្តបានបុក អ្នកថ្មើរជើងជាបុរសបណ្ដាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ។ ចំណែករថយន្តក្រោយកើតហេតុមិនបានឈប់នៅនឹងកន្លែងកើតហេតុនោះទេ បានបើកគេចរហូតដល់សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ ទើបសម្ថកិច្ច សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ ឃាត់រថយន្តនោះបាន ទាំងតៃកុងឡាន។ ករណីនេះបណ្តាលមកពីអ្នកបើកបររថយន្តបើកក្នុងល្បឿនលឿនខ្វះកាប្រុងប្រយ័ត្ន៕

មតិយោបល់