ភ្នំពេញៈ មិនដូចជាការគ្រោងទុកនោះទេ នៅព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨នេះ លោក អ៊ី ថាវរៈ ប្រធានក្រមប្រឹក្សាចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ មិនទាន់អាចបើកសវនាការប្រកាសសាលក្រមផ្តន្ទាទោស បុរសជនជាតិចិន និងប្រពន្ធខ្មែរ ក្នុងសំណុំរឿង ជួញដូរស្ត្រីខ្មែរទៅរៀបការប្តីនៅប្រទេសចិន នោះទេ។
ប្រភពពីមន្ត្រីពន្ធនាគារព្រៃស ម១ និងម២ បានថ្លែងថា ប្រធានក្រុមប្រឹក្សាចៅជំនុំជម្រះ លោក អ៊ី ថាវរៈ មិនបានបញ្ជាក់ពីមូលហេតុនៃការលើកពេលប្រកាសសាលក្រមនៃសំណុំរឿននោះទេ ហើយក៏មិនទាន់បានកំណត់ពេលជាក់លាក់ថានឹងបើកសវនាការប្រកាសសាលក្រមនៅពេលណានោះដែរ បានត្រឹមតែប្រើក្រឡាបញ្ជីមកប្រាប់ពួកលោកថារឿងនេះ លើកពេលប្រកាសសាលក្រម។
សូមបញ្ជាក់ថា លោក សេង ហៀង ជាតំណាងអយ្យការសវនាការបានចោទប្រកាន់លើជនជាប់ចោទទី១ឈ្មោះ ម៉ា ចាវហ្វូ ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិចិន និងឈ្មោះ ស៊ុ គន្ធា ភេទស្រី អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ ពីបទ នាំចេញដោយមិនស្របច្បាប់សម្រាប់នាំឆ្លងដែន ប្រព្រឹត្តកាលពីអំឡុងឆ្នាំ២០១៦ នៅខេត្តកណ្តាល និងរាជធានីភ្នំពេញ យោងតាមមាត្រា ១១ នៃច្បាប់ស្តីពី ការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ។
នៅក្នុងសវនាការកាលពីរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨កន្លងទៅ ជនជាប់ចោទ ទាំង២នាក់ បានបដិសេធការចោទប្រកាន់របស់តុលាការ ដោយអះអាងថា ពួកគេមានបំណងជួយឱ្យជនរងគ្រោះ បានប្តីនៅស្រុកចិន ក្រែងបានជីវភាពធូរធាជាងមុនតែប៉ុណ្ណោះ។
ចំណែកជនរងគ្រោះ ២នាក់ ទី១ឈ្មោះ ព.ស.ត និងទី២ឈ្មោះ ហ.ច.ប បានបញ្ជាក់ថា ជនជាប់ចោទ ទាំង២នាក់ និងបក្ខពួក២នាក់ទៀត ដែលកំពុងរត់គេចខ្លួន បានលួងលោមពួកនាង ឱ្យទៅរៀបការប្តីនៅស្រុកចិនទៅ បានលុយចាយច្រើន រស់ស្រួល និងអាចបានលុយផ្ញើឱ្យម្តាយឪពុកនៅស្រុក ថែមទៀតផង។
ក្រៅពីនេះក្រុមជនជាប់ចោទ បានប្រាប់ថា ប្តីចិន ឱ្យថ្លៃទឹកដោះដំបូង ចំនួន ២០០០ដុល្លារទៅឪពុកម្តាយរបស់ពួកនាង។
ក្រោយពីពួកនាង ព្រមទៅរៀបការប្តី នៅប្រទេសចិន ក្រុមជនជាប់ចោទ បានរត់ការធ្វើឯកសារឆ្លងដែន និងនាំពួកនាង ឆ្លងទៅប្រទេសចិន តាមប្រទេសវៀតណាម។
នៅពេលទៅដល់ប្រទេសចិន ក្រុមជនជាប់ចោទ បានឱ្យពួកនាង ទៅរៀបការប្តី ចិន។ ក្រោយពីការរួចរស់នៅបានមួយរយៈ ប្តីចិន បានវាយធ្វើបាបពួកនាង និងបង្ខាំងពួកនាងទុកតែក្នុងផ្ទះ និងបម្រុងលក់បន្តឱ្យទៅផ្ទះបនស្រី ទើបពួកនាង លួចរត់ឱ្យសមត្ថកិច្ចជូនទៅរកស្ថានទូតខ្មែរប្រចាំប្រទេសចិនដើម្បីជួយសង្គ្រោះ បានត្រលប់មកប្រទេសកម្ពុជាវិញ។
ជនរងគ្រោះទាំង២នាក់បានប្តឹងទាមទារ សំណង ពីជនជាប់ចោទ ក្នុងម្នាក់ៗ ចំនួន២ម៉ឺនដុល្លារ៕
https://youtu.be/39ALx5a12wQ
មតិយោបល់