ព័ត៌មានជាតិ

វីហ្គោស្លាកលេខ(ខ.ម)បើកលឿនបុកបង្គោលភ្លើងនិងខឿនផ្លូវក្រឡាប់២-៣ត្រឡប់រងការខូចខាត!

ភ្នំពេញ: រថយន្តមួយគ្រឿងម៉ាកវីហ្គោ សង្ស័យអ្នកបើកបរស្ថិតក្នុងស្ថានភាពស្រវឹង បានបោះពួយក្នុងល្បឿនលឿន រេចង្កូតទៅបុកខឿនពុះចែកទ្រូងផ្លូវនិងឡើងទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវ បណ្តាលឲ្យរងការខូចខាត កាលពីវេលាម៉ោង១១និង២០នាទីយប់ ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៧ ត្រង់ចំណុចតាមបណ្តោលមហាវិថីបុរីអង្គរ ស្ថិតក្នុងបុរីអង្គរភ្នំពេញ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅ មុនពេលកើតហេតុគេបាន ឃើញបុរសម្នាក់ សង្ស័យមានស្ថានភាព ស្រវឹង បាន បើកបររថយន្តមួយគ្រឿងម៉ាក ហៃឡាក់វីហ្គោ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ខេមរ:ភូមិន្ទ០៩ ២ ៧៣០២ ដោយធ្វើដំណើរតាមបណ្តោយមហាវិថី បុរីអង្គរភ្នំពេញ ក្នុងល្បឿនយ៉ាងលឿនទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុដែលផ្លូវមានស្ថានភាពកោងរថយន្តខាងលើខំប្រឹងបួងចង្កូតខ្លាំងពេក ក៏ជ្រុលចង្កូតទៅខាងឆ្វេងទៅបុកនិងខឿនចែកទ្រូងផ្លូវ រួចបន្តឡើងទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវបាក់ទ្រេតអស់មួយបង្គោល បណ្តាលឲ្យរថយន្តក្រឡាប់២ទៅ៣ត្រឡប់រងការខូចខាតយ៉ាងដំណំ។

ភ្លាមៗនោះ អ្នកបើកបររថយន្ត បានដោះស្លាកលេខរថយន្តហើយឡើងជិះរថយន្តមួយគ្រឿងទៀតជិះចេញទៅបាត់ស្រមោល។ ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញចុះធ្វើការវាស់វែងយករថយន្តទៅរក្សាទុកនៅការិយាល័យ ចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញដើម្បីរង់ចាំម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយជាមួយភាគីខាងបុរីអង្គរភ្នំពេញនៅពេលក្រោយតាមផ្លូវច្បាប់៕

មតិយោបល់