ព័ត៌មានជាតិ

ក្រុមគ្រួសារយុវជនជិះម៉ូតូគេច ត្រូវសមត្ថកិច្ចខណ្ឌឫស្សីកែវ បាញ់របួសជើង អំពាវនាវរកយុត្តិធម៌

កំពង់ឆ្នាំង: បុរស២នាក់ ក្នុងនោះ ម្នាក់ ត្រូវសមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បាញ់ឲ្យរបួសជើង កាលពីរសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៦ ដោយអះអាងថា ដំបូងជាករណីអនុវត្តច្បាប់ចរាចរណ៍ តែក្រោយមកថា ជាករណីបង្ក្រាបគ្រឿងញៀនទៅវិញ។

ករណីនេះ ក្រុមគ្រួសារជនរងគ្រោះបានមកជួបអ្នកយកព័ត៌មានយើង ដោយសុំអំពាវនាវឲ្យជួយរកយុត្តិធម៌ពីសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ព្រោះតែពួកគាត់ជាក្រុមគ្រួសារបានអះអាងថា មនុស្សដែលត្រូវសមត្ថកិច្ចនគរបាលបាញ់របួសជើងចាប់ខ្លួននោះ ជាមនុស្សបរិសុទ្ធ តែដោយសារតែគ្នាជិះម៉ូតូខុសច្បាប់ គ្មានស្លាកលេខ គ្មានកញ្ចក់ និងគ្មានប្រាក់សម្រាប់បង់ការផាកពិន័យ ទើបជិះម៉ូតូគេចចេញពីសមត្ថកិច្ចក្នុងពេលត្រួតពិនិត្យច្បាប់ចរាចរណ៍ផ្លូវគោក តែក្រោយមកបែរជាសមត្ថកិច្ចបានបង្ខំឲ្យគេសារភាពថា គេមានថ្នាំញៀន៣កញ្ចប់ទៅវិញ។

លោកស្រី មាស ស្រី មានអាយុ៥៣ឆ្នាំ រស់នៅភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ជាម្តាយ និងជាម្តាយមីងបុរសទាំង២នាក់ ខាងលើ នៅរសៀលថ្ងៃទី៤ ខែមិថុនា បានជួបក្រុមអ្នកកាសែត ដោយបានរៀបរាប់ឲ្យដឹងថា បុរសទាំង២នាក់ មានទី១ឈ្មោះ អ៊ុត សំអៀង អាយុ២៥ឆ្នាំ ជាជាងសំណង់ បានរងរបួស ត្រូវគ្រាប់កាំភ្លើងចំកំភួនជើង និងទី២ឈ្មោះ អឿន សុធារ៉ា អាយុ៣០ឆ្នាំ មានមុខរបរជាអ្នកលក់នំតាមរ៉ឺម៉កម៉ូតូ នៅតាមសាលារៀន ពួកគេរស់នៅភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង។

ពួកគាត់បានបន្តថា នៅថ្ងៃកើតហេតុ ពួកគេទាំងពីរនាក់ បានដោះម៉ូតូពីរ៉ឺម៉កលក់នំ ជិះម៉ូតូចេញពីផ្ទះនៅខេត្តកំពង់ឆ្នាំង ទៅលេងបងប្អូននៅរាជធានីភ្នំពេញ ហើយបានត្រឡប់មកវិញ ដល់ចំណុចភូមិឃ្លាំងសាំង ខណ្ឌឫស្សីកែវ បានជួបនឹងសមត្ថកិច្ចកំពុងត្រួតពិនិត្យច្បាប់ចរាចរណ៍តាមដងផ្លូវ នៅពេលនោះដោយសារម៉ូតូពួកគេគ្មានផ្លាកលេខ គ្មានកញ្ចក់ អត់ប្រាក់បង់ថ្លៃផាកពិន័យ ដោយគេទាំង២នាក់ មានប្រាក់ជាប់ខ្លួនតែ៥៦០០រៀលប៉ុណ្ណោះ ទើបជិះម៉ូតូគេចចេញពីសមត្ថកិច្ច ក៏ត្រូវសមត្ថកិច្ចបាញ់ បណ្តាលឲ្យរងរបួសជើង ឈ្មោះ អ៊ុត សំអៀង។ នៅពេលរងរបួស ក៏មានអ្នកសារព័ត៌មានជាច្រើននាក់ នៅកន្លែងកើតហេតុ បានឃើញសមត្ថកិច្ចឆែកឆេរលើខ្លួនមនុស្សទាំង២នាក់ និងនៅក្នុងម៉ូតូមិនឃើញមានអ្វីនោះទេ ហើយសមត្ថកិច្ចបាននាំខ្លួនមកអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ។ ស្រាប់តែយប់នោះ សមត្ថកិច្ចបានវាយបង្ខំឲ្យកូន និងក្មួយពួកគាត់ទទួលស្គាល់ថ្នាំញៀន៣កញ្ចប់ថា ជារបស់ខ្លួនទៅវិញ (កូន និងក្មួយ បានទូរសព្ទ័ប្រាប់ពួកគាត់) មិនតែប៉ុណ្ណោះ សមត្ថកិច្ចមិនបានឲ្យអ្នករបួសទៅពេទ្យព្យាបាលឡើយ គឺគ្រាន់តែទិញថ្នាំពេទ្យយកមកបិតរបួសក្នុងបន្ទប់ឃុំខ្លួន ហើយនៅពេលក្រុមគ្រួសារសុំជួបពួកគេ គឺសមត្ថកិច្ចឲ្យជួបបានតែ៥នាទីប៉ុណ្ណោះ។

លុះនៅល្ងាចថ្ងៃទី៥ ខែមិថុនានេះ ពួកគាត់បានទទួលដំណឹងថា កូន និងក្មួយពួកគាត់ ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅតុលាការ ហើយត្រូវឃុំខ្លួននៅក្នុងពន្ធនាគារព្រៃសទៅហើយ។ ហេតុនេះ ទើបក្រុមគ្រួសារ ជនរងគ្រោះសុំ អំពាវនាវសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មេត្តាជួយរកយុត្តិធម៌ជូនជនរងគ្រោះដោយអនុគ្រោះផង។

ជុំវិញការលើកឡើងរបស់ភាគីម្ដាយ និងម្ដាយមីងជនទាំងពីរខាងលើ យើងមិនអាចសុំការបំភ្លឺពីសមត្ថកិច្ចបានទេ គឺទទួលបានព័ត៌មានតែពីខាងក្រុមគ្រួសារជនរងគ្រោះតែប៉ុណ្ណោះថា សមត្ថកិច្ចបានចោទប្រកាន់ក្មួយ និងកូនពួកគាត់ទាំងពីរនាក់ មានថ្នាំញៀន៣កញ្ចប់ ជាប់ខ្លួន ទើបព្យាមយាមគេចពីសមត្ថកិច្ចក៏ត្រូវសមត្ថកិច្ចបាញ់បណ្តាលឲ្យរងរបួស៕

sdd

មតិយោបល់