ព័ត៌មានជាតិ

ជិះម៉ូតូលឿនគេចពីក្រុមចោររាត្រីជាច្រើនម៉ូតូ ទៅបុករបាំងដែកនៅព្រះបរមរាជវាំងរួចព្រួតវាយជនរងគ្រោះបន្ថែមទៀត សំណាងមានគេមកទាន់!

ភ្នំពេញៈ ជនសង្ស័យជិត១០នាក់ ជិះម៉ូតូជាច្រើនគ្រឿង បានដេញតាមធ្វើសកម្មភាពវាយប្លន់យកម៉ូតូ XR ពីបុរស២នាក់តែមិនបានសម្រេច កាលពីវេលាម៉ោង១២និង០៥នាទីយប់ឈានចូល ថ្ងែទី៨ ខែមិថុនា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវលេខ១៣ កែងផ្លូវលេខ១៨៤ ក្នុងសង្កាត់ ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរស២នាក់ បានជិះម៉ូតូមួយគ្រឿងម៉ាក XR ពណ៌ខ្មៅ ដែលមានពាក់ស្លាកលេខ ភ្នំពេញ 1CQ- 9540 ឌុបគ្នា បានធ្វើដំណើរតាមបណ្តោយផ្លូវលេខ១៣ ក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនយ៉ាងលឿន ទាំងមិនខ្លាចផ្លូវបំបែកជាបួនសោះ ខណៈនោះ គេបានឃើញជនសង្ស័យមួយក្រុម មានគ្នាជិត១០នាក់ ជិះម៉ូតូជាច្រើនគ្រឿង តាមមកពីក្រោយយ៉ាងលឿន ហើយបានស្រែកថាចោរៗ ភ្លាមៗនោះ គេបានឃើញជនរងគ្រោះ ដែលជិះម៉ូតូXRខាងលើ មានសភាពភ័យខ្លាចយ៉ាងខ្លាំង ក៏បានបន្ថែមល្បឿនម៉ូតូយ៉ាងលឿន លុះមកដល់កន្លែងកើតហេតុ ក្បែរព្រះបរមរាជវាំងជនរងគ្រោះខាងលើ ក៏ជិះម៉ូតូទៅបុករបាំងដែកនៅព្រះបរមរាជវាំងយ៉ាងពេញទំហឹង ក៏ជ្រុលដួលម៉ូតូ ភ្លាមៗនោះ ជនសង្ស័យខាងលើបានមកពីក្រោយ ហើយនាំគ្នាត្រួយវាយជនរងគ្រោះ ខណៈពេលនោះ ក៏មានអ៊ំប្រុសម្នាក់ដែលនៅក្បែរព្រះបរមរាជវាំង នោះឃើញបែបនេះ ក៏ចូលមកឃាត់ ភ្លាមៗ ហើយសួរថាមានរឿងអ្វីបានវាយគ្នាដល់ថ្នាក់ហ្នឹង ទើបក្រុមមានគ្នាច្រើនឆ្លើយថា បុរសរងគ្រោះជាចោរ ។

ប្រភពបន្តទៀតថា ដោយឃើញសភាពបែបនេះ ក្រុមជនសង្ស័យ ក៏នាំគ្នាជិះម៉ូតូរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុបាត់អស់ភ្លាមៗតែម្តង ។ ចំណែកនៅកន្លែងកើតហេតុ ជនរងគ្រោះដែលរងរបួសធ្ងន់ម្នាក់ត្រូវបានរថយន្តសាមុយបានមកដល់ កន្លែងកើតហេតុ ក៏ដឹកជនរងគ្រោះទៅមន្ទីរពេទ្យភ្លាមៗតែម្តង។

ក្រោយពេលកើតហេតុសមត្ថកិច្ចខណ្ឌដូនពេញបានចុះមកយកម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ហើយសមត្ថកិច្ចនិងបន្តសាកសួររឿងរ៉ាវខាងលើនេះឲ្យច្បាស់ថាជាករណីអ្វីឲ្យប្រាកដ ៕

មតិយោបល់