បើយោងតាមសាស្ត្រាចារ្យ Lora Iannotti មកពីសាកលវិទ្យាល័យ Washington University សហរដ្ឋអាមេរិក បានបង្ហាញថា អ្នកគួរតែបន្ថែមស៊ុតទៅក្នុងរបបអាហាររបស់កុមារជាប្រចាំ ព្រោះស៊ុតជាប្រភទនៃសារធាតុចិញ្ចឹមដែលអាចជួយជំរុញដល់ការលូតលាស់របស់កុមារបានល្អ និងកាត់បន្ថយភាពក្រិន។
ការសិក្សាដែលបានចុះផ្សាយនៅក្នុងទស្សនាវដ្តី Pediatrics បានបង្ហាញថា កុមារដែលទទួលទានស៊ុតមួយថ្ងៃមួយគ្រាប់អាចកាត់បន្ថយភាពក្រិនរហូតដល់ ៤៧ភាគរយ និងការមិនព្រមឡើងទម្ងន់រហូតដល់៤៧ភាគរយដូចគ្នា។
ចំពោះការស្រាវជ្រាវក្រុមអ្នកជំនាញបានពិសោធន៍ទៅលើក្មេងដែលមានអាយុចាប់ពី៦ខែទៅ៩ខែ ដោយមួយក្រុមបន្ថែមស៊ុតមួយថ្ងៃមួយគ្រាប់ទៅក្នុងរបបអាហារ ហើយមួយក្រុមទៀតមិនបន្ថែមស៊ុតនោះទេ។ បន្ទាប់ពីរយៈពេល៦ខែលទ្ធផលបានបង្ហាញថា កុមារដែលបានទទួលទានស៊ុតជាមធ្យមមានការលូតលាស់០,៦៣ភាគរយនៃទំហំរាងកាយទាំងមូល ចំណែកឯកុមារដែលមិនបានទទួលទានស៊ុតមានការលូតលាស់ត្រឹមតែ០,៣៩ភាគរយប៉ុណ្ណោះ។
លោក Lannotti បានបន្ថែមទៀតថា ស៊ុតជាប្រភពអាហារូបត្ថម្ភដ៏ល្អបំផុត ដែលត្រូវបានផ្តល់អនុសាសន៍ឲ្យកុមារទទួលទានរាល់ថ្ងៃ។ ដូច្នេះ ប្រសិនបើអ្នកម្តាយទាំងឡាយចង់ឲ្យកូនលូតលាស់បានល្អ ហើយជៀសផុតពីបញ្ហាក្រិនមិនព្រមធំ សូមកុំភ្លេចបន្ថែមស៊ុតទៅក្នុងរបបអាហាររបស់ពួកគេជាប្រចាំ៕
ប្រភពៈ boldsky
មតិយោបល់