ព័ត៌មានជាតិ

សមត្ថកិច្ចបង្រ្កាបករណីល្បែងស៊ីសង ឃាត់ខ្លួនជនសង្ស័យ១៣នាក់ នៅសៀមរាប

សៀមរាបៈ នារសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៧ សមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងការិយាល័យតម្រួតអន្តរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្ត បានចុះបង្រ្កាបនិងចាប់ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ចំនួន១៣នាក់ ស្រី២នាក់ពីបទលេងល្បែងស៊ីសងខុសច្បាប់ ស្ថិតនៅក្នុងភូមិមណ្ឌល៣ សង្កាត់ស្លរក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។

ក្នុងកិច្ចប្រតិបត្តិការបង្រ្កាបកន្លែងលួចលាក់លេងល្បែងស៊ីសងខុសច្បាប់នេះដឹកនាំនិងបញ្ជាផ្ទាល់ពីសំណាក់លោកឧត្តមសេនីយ៍ត្រី ហ៊ូ វ៉ាន់នី ស្នងការនគរបាលខេត្តសៀមរាប និងកម្លាំងនគរបាលជំនាញលោកវរសេនីយ៍ទោ ហង្ស សុផាតភីរម្យ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបានឲ្យដឹងបន្ថែមទៀតថា កម្លាំងនគរបាលជំនាញរបស់យើងសហការជាមួយកម្លាំងអន្តរាគមន៍នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានពួនស្ទាក់និងចូលទៅបង្រ្កាបកន្លែងបនល្បែងស៊ីសងខុសច្បាប់នេះនៅម៉ោង១២ ថ្ងៃត្រង់ ភ្លាមៗនៅនឹងកន្លែងពេលកំពុងតែប្រព្រឹត្តករណីជាក់ស្តែង។

ក្នុងនោះកម្លាំងនគរបាលជំនាញដកហូតបានមានដូចជាម៉ូតូចំនួន១៤គ្រឿង,មេអាបោង៣គ្រាប់,ចានអាប៉ោង១គម្របចាន១ បៀរ២ហ៊ូផងដែរ។ ដោយឡែកម្ចាស់ដែលផ្តល់ទីតាំង ឲ្យលេងល្បែងស៊ីសងរួមទាំងមេអាបោង មានគ្នា៣នាក់ ដែល ទី១ឈ្មោះ ស្រង រ៉ា ភេទប្រុស អាយុ៤២ឆ្នាំ ស្នាក់នៅបច្ចុប្បន្នភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ខេត្តសៀមរាប(ម្ចាស់ទីតាំង),ទី២ឈ្មោះ សុខ ម៉ឹង ហៅប៉ាវឬវី ភេទប្រុស អាយុ៥៨ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ខេត្តសៀមរាប(មេអាប៉ោង) និងទី៣ឈ្មោះ ហ៊ត់ បូ ភេទប្រុស អាយុ៤២ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិគោកបេង សង្កាត់គោកចក ខេត្តសៀមរាប(មេអាប៉ោង) ។

បច្ចុប្បន្ន ជនសង្ស័យខាងលើ សមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនខ្លួនទៅតុលាការ ចំពោះ១០នាក់ទៀត ដែលក្នុងនោះមានស្រី២នាក់ ត្រូវបានឲ្យធ្វើកិច្ចសន្យាអប់រំណែនាំបន្ត៕

មតិយោបល់