ភ្នំពេញៈ បុរសវ័យចំណាស់ម្នាក់ត្រូវបានគេប្រទះឃើញស្លាប់អណ្តែតទឹកស្រះក្នុងវត្តតាំងកសាងខាងជើងសង្ស័យចុះដកក្រឳឈូកលង់ទឹកស្លាប់។
ហេតុការភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី៨ខែមិថុនាឆ្នាំ២០១៧ស្ថិតក្នុងស្រះទឹកវត្តតាំងកសាងខាងជើង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានបានឲ្យដឹងថា បុរសដែលស្លាប់ខាងលើមានឈ្មោះ លីម តូច អាយុ៥២ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅភូមិចំការឪឡឹក២ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ មានស្រុកកំណើតនៅភូមិព្រៃសាលា សង្កាត់កាកាបខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនរងគ្រោះមានប្រពន្ធឈ្មោះ ពេជ្យ ឈឿន អាយុ៤៧ឆ្នាំ ធ្វើការជាអ្នកអនាម័យ ស្នាក់នៅជាមួយប្តីនៅភូមិចំការឪឡឹក២ សង្កាត់កាកាបខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងមានមានកូនស្រីប្រុសចំនួន៨នាក់។
ប្រភពព័ត៌មានពីស្ត្រីជាប្រពន្ធបានឲ្យដឹងថាប្តីរបស់គាត់បានបាត់ខ្លួនតាំពីថ្ងៃអង្គារ ទី៦ ខែមិថុនា ឆ្នាំ២០១៧មកម្លេះដោយមិនដឹងថាទៅណានោះទេស្រាប់តែមកឃើញដូច្នេះសោកស្ដាយនិងរន្ធត់ខ្លាំងណាស់។
តាមប្រភពព័ត៌មានពីអ្នកស្គាលសពបុរសខាងលើបាននិយាយថា បុរសដែលស្លាប់នោះ កាលពីនៅរស់ឧស្សាហ៍ដើរចុះដកក្រឳឈូក សង្ស័យពេលគាត់ចុះដក់ក្រឳឈូកអាចលង់ទឹកស្លាប់។
តាមប្រភពព័ត៌មានពីលោក ចិន ចា អាយុ២៦ឆ្នាំ មុខរបរជាអ្នកអ៊ុតម៉ូតូ ស្នាក់នៅសង្កាត់កាកាបបានឲ្យដឹងថា នៅមុនពេលកើតហេតុគាត់បានជូនមិត្តភ័ក្របីបួននាក់មកងូតទឹកស្រះមួយទៀតដែលនៅក្បែរស្រះកើតហេតុ នៅពេលដែលមិត្តភ័ក្រចុះងូតទឹកអស់ខ្លួនបានដើរមកលើខ្នងស្រះកើតហេតុក៏ប្រទះឃើញសពបុរសខាងលើអណ្តែតទឹកនៅក្នុងស្រះនោះក៏ស្រែកប្រាប់គ្នាហើយរាយការណ៍ប្រាប់មេភូមិតែម្តង។
ចំពោះសពខាងលើសមត្ថកិច្ចបានសន្និដ្ឋានថា អាចលង់ទឹកស្លាប់តែទោះជាយ៉ាងណាសមត្ថកិច្ចជំនាញកំពុងធ្វើកោសល្យវិច្ច័យរកហេតុផលហើយ។
ក្រោយពេលកើតហេតុសពត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់