ភ្នំពេញៈ បុរសជាជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួកគា្ន២នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍បឹងទំពុនចាប់ឃាត់ខ្លួន ក្រោយពីរូបគេនិងបក្ខពួកបានទៅធ្វើសកម្មភាពលួចយកម៉ូតូមួយគ្រឿងដែលចតទុកចោលមុខផ្ទះរួចហើយឡើងទៅដេកបាត់ដោយមិនបានចាក់សោកត្រឹមត្រូវ អូសបានប្រមាណជាជាង ១០០ម៉ែត្រនោះ ក៏ត្រូវបានបងប្អូនគេបានឃើញនិងចាប់នាំគ្នាវាយម្នាក់មួយដៃ មួយជើងឡើងប៉ោងភ្នែកទើបប្រគល់ឲ្យកម្លាំងមានសម្ថកិចនោះ។
ករណីនេះដែរបានកើតឡើងកាលពីវេលាម៉ោង ៤ និង ១៥នាទីល្ងាច ថ្ងៃទី ៨ ខែ មិថុនា ឆ្នាំ ២០១៧ នៅចំណុចខាងមុខផ្ទះគ្មានលេខ ផ្លូវលំ ភូមិចំរើនផលទី៣ ក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
លោក ហួរ ម៉េងវ៉ាង អធិការរងនគរបាលខណ្ឌមានជ័យបានប្រាប់ឲ្យដឹងថា បុរសជាជនសង្ស័យមានឈ្មោះ ចិន សំអុល អាយុ ៣៣ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅក្នុងភូមិទួលសំបូរ សង្កាត់ដង្កោ សណ្ឌដង្កោ រាជធានីភ្នំពេញ និងបក្ខពួកម្នាក់ទៀតដែលរត់គេខខ្លួនបាត់នោះ មានឈ្មោះអាសាល អាយុ ២៩ឆ្នាំ។ ជនរងគ្រោះមានឈ្មោះ សៀង ពិសើ ភេទប្រុស អាយុ ២១ឆ្នាំ ស្នាក់នៅផ្ទះកើតហេតុខាងលើ។
មុនពេលកើតហេតុ បុរសរងគ្រោះបានចតម៉ូតូម៉ាក ហុងដាអ៊ែប៊្លែក ពណ៌ខ្មៅ ពាក់ស្លាកលេខ ត្បូងឃ្មុំ១A-៨៣៨៤ មួយគ្រឿងនៅខាងមុខផ្ទះដោយមិនបានចាក់សោកត្រឹមត្រូវឡើយ រួចឡើងទៅដេកលើផ្ទះបាត់។ តាមប្រភពដដែលបានប្រាប់បន្តទៀតថា ក៏ស្រាប់ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួកគ្នា២នាក់នោះ ចូលទៅធ្វើសកម្មភាពលួចបណ្តើរម៉ូតូអូសបានតែប្រមាណជាជាង ១០០ម៉ែត្រ ក៏ស្រាប់តែមានបងប្អូនជនរងគ្រោះដែលមានផ្ទះនៅក្បែរនោះបានឃើញ និងនាំគ្នាចាប់វាយម្នាក់មួយដៃ មួយជើងឡើងប៉ោងភ្នែកម្ខាង ទើបយកមកប្រគល់ឲ្យកម្លាំងនគរបាលប៉ុស្តិ៍បឹងទំពុន។
ក្រោយពេលកើតហេតុ ម៉ូតូម៉ាក ហុងដាអ៊ែប៊្លែកខាងលើត្រូវបានប្រគល់ទៅឲ្យបុរសជាជនរងគ្រោះវិញ ចំណែកឯបុរសជាជនសង្ស័យត្រវបាននាំមកធ្វើការសាកសួរ និងកំណត់ហេតុ ដើម្បីបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យចាត់ការទៅតាមផ្លូវច្បាប់ជាបន្តទៅទៀត៕
មតិយោបល់