ភ្នំពេញៈ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្សពួក២នាក់ ត្រូវប្រជាពលរដ្ឋចាប់ប្រគល់ឲ្យនគរបាល ខណៈរូបគេបានធ្វើសកម្មភាពឆក់ការបូបស្ពាយពីស្ត្រីម្នាក់ពុំបានសម្រេច បណ្តាលឲ្យដួលរងរបួសស្រាល ចំណែកបក្សពួកជនសង្ស័យម្នាក់ទៀតបានជិះរត់គេចខ្លនបាត់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទី រសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៧ នៅផ្លូវ១៩៨៦កែងនិងផ្លូវ១០០៧ ក្រុមទី៩ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ វី ដេវីដ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្សថ្នាក់ទី៩រៀននៅសាលាប៊ែលធី ស្នាក់នៅភូមិគង្គាផុស សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ចំណែកបក្សពួកម្នាក់ទៀតបានរត់គេចខ្លួនបាត់។
ស្ត្រីរងគ្រោះមានឈ្មោះ ឡុង វ៉ាន់នី អាយុ៣២ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនឯកជន ស្នាក់នៅភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ប្រភពដដែលបន្តថា មុនពេលកើតហេតុ រូបគាត់បានជិះម៉ូតូ១គ្រឿងម៉ាកគុបជ្រុង ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ភ្នំពេញ1J-0176 ក្នុងទិសដៅពីលិចទៅកើតតែម្នាក់ឯងដោយមានស្ពាយកាបូបពណ៌ខ្មៅពីខាងមុខ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែលេចមុខជនសង្ស័យចំនួន២នាក់បានជិះម៉ូតូ១គ្រឿងម៉ាកហុងដា សេ១២៥ ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1GD-7227 មកពីក្រោយហើយបានធ្វើសកម្មភាពឆក់កាបូបពីនាងបណ្តាលឲ្យដួលម៉ូតូទាំង២គ្រឿង ហើយប្រជាពលរដ្ឋនៅក្បែនោះជួយចាប់បានជនសង្ស័យម្នាក់តែម្តង។ ចំណែកម្នាក់ទៀតបានរត់គេចខ្លួនបាត់។

ស្ត្រីរងគ្រោះបន្តទៀតថា នៅក្នុងការបូបរបស់គាត់មានលុយខ្មែរ៣ម៉ឺនរៀល លុយដុល្លា៨០ដុល្លារ,ទូរសព្ទដៃចំនួន២គ្រឿងនិងឯកសារសំខាន់ៗមួយចំនួនទៀត។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថាបក្សពួករបស់គេមានគ្នា៣នាក់ម៉ូតូ២គ្រឿង មួយគ្រឿងម៉ាកហុងដា សេ១២៥ និងមួយគ្រឿងទៀតម៉ាកស៊ុយសាគីនិច ពណ៌ខ្មៅ ជាអ្នកបិទគូទហើយក្រោយពីធ្វើសកម្មភាពឆក់មិនបានសម្រេចម៉ូតូគេបានដួលហើយបក្សពួកគេបានរត់ឡើងជិះម៉ូតូគ្នាគេជិះគេចខ្លួនបាត់។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីបន្ត៕


មតិយោបល់