ភ្នំពេញៈ ជនសង្ស័យម្នាក់ខណៈធ្វើសកម្មភាពលួចម៉ូតូប្រជាពលរដ្ឋបានហើយបណ្តើរចេញ តែម្ចាស់ឃើញទាន់ស្រែកចោរៗនិងដេញចាប់បានភ្លាមៗប្រគល់អោយសមត្ថកិច្ច។
ហេតុការនេះបានកើតឡើងនៅវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៧ ត្រង់ចំណុចភូមិសែនសុខទី៧ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះឡុង គីមវ៉ាង អាយុ៣១ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅភូមិខ សង្កាត់ច្រាំងចំរះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ម្ចាស់ម៉ូតូឈ្មោះ យន់ ស្រ៊ុន ភេទប្រុសអាយុ៤៣ឆ្នាំ មុខរបរគ្រូបង្រៀន ស្នាក់នៅផ្ទះលេខ២អឺប៉េ ផ្លូវ២៣២ ភូមិសែនសុខទី៧ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមសំដីម្ចាស់ម៉ូតូបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគាត់បានជិះម៉ូតូរបស់គាត់ម៉ាកឌ្រីមសង់សេ១២៥ពណ៌ខ្មៅសេរី
២០១៣ ពាក់ស្លាកលេខភ្នំពេញ 1BV-3614 ចូលមកផ្ទះដើម្បីហូបបាយដោយដាក់ក្នុងរបងមុខផ្ទះចាក់សោរត្រឹមត្រូវ ក្រោយមកស្រាប់តែបានឮសំឡេងបើកទ្វារបង ពេលនោះគាត់ចេញពីក្នុងផ្ទះមកមើលម៉ូតូស្រាប់តែឃើញជនសង្ស័យខាងលើកំពុងបណ្តើរម៉ូតូចេញ ឃើញដូចនោះគាត់បានស្រែកចោរៗធ្វើឲ្យជនសង្ស័យភ័យបានផ្តួលម៉ូតូចោលហើយរត់យកតែរួចខ្លួនតែម្តង។
ប្រភពដដែលបានបន្តថា ពេលដែលស្រែកចោរៗនោះបណ្តាលឲ្យភ្ញាក់ផ្អើលដល់ប្រជាពរដ្ឋជិតខាងជួយដេញនិងចាប់បានទើបប្រគល់អោយសមត្ថកិច្វតែម្តង។
បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីធ្វើការសាកសួរនិងចាត់ការទៅតាមនីតិវិធីច្បាប់៕
មតិយោបល់