ប៉ៃលិនៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្តនិងម៉ូតូ បុកគ្នាយ៉ាងពេញទំហឹង បណ្ដាលមកពីអ្នកបើកបរមិនគោរពសិទ្ធអាទិភាពគ្នា បង្កឲ្យមានអ្នករងរបួសធ្ងន់ស្រាល៣នាក់។
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង៩និង៥០នាទីយប់ ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៧ លើដងផ្លូវជាតិលេខ៥៧ ត្រង់ចំណុចផ្លូវបំបែកស្ថិតក្នុងភូមិអូរពឺត សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
ប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះទី១ឈ្មោះ សៀ យ៉ុង ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិស្លា ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន រងរបួសស្រាល ជាអ្នកបើកបរម៉ូតូម៉ាក HONDA Dream ពណ៌ខ្មៅ ពាក់ស្លាកលេខ ប៉ៃលិន1A-8672 ខូចខាតស្រាល ជនរងគ្រោះទី២ឈ្មោះ កាន សុគា ភេទប្រុស អាយុ១៤ឆ្នាំ រស់នៅភូមិស្លា ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ជាអ្នករួមដំណើរ រងរបួសស្រាល និងជនរងគ្រោះទី៣ឈ្មោះ ហួន ប្រុស ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិស្លា ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ជាអ្នករួមដំណើរ រងរបួសធ្ងន់ ចំណែកអ្នកបើកបររថយន្តមានឈ្មោះ អៀម ម៉េត ភេទប្រុស អាយុ៥៣ រស់នៅភូមិចំការកាហ្វេ សង្កាត់ទួលល្វា កខេត្តប៉ៃលិន បើកបររថយន្តម៉ាក TOYOTA TACOMA ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខប៉ៃលិន 2A-3820 ខូចខាតស្រាល។
បើតាមការបញ្ជាក់របស់សមត្ថកិច្ចនគរបាលចររាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចររាចរណ៍នេះកើតឡើងបណ្តាលមកពីកត្តាមនុស្សបើកបរមិនគោរពសិទ្ធអាទិភាព។
បច្ចុប្បន្នជនរងគ្រោះត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ចំណែកម៉ូតូនិងរថយន្ត ត្រូវបានសមត្ថកិច្ចដឹកយកមករក្សាទុកនៅស្នងការនគរបាលខេត្ត ដើម្បីរងចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕
មតិយោបល់