ព័ត៌មានជាតិ

មន្ត្រីនគរបាលនៅអគ្គនាយកដ្ឋានតស្តុភារ និងហរិញ្ញវត្ថុម្នាក់ ជិះម៉ូតូលឿនបុកខឿនផ្លូវហោះផ្លោងចេញពីម៉ូតូបោកក្បាលស្លាប់មួយរំពេច!

ភ្នំពេញៈ មន្រ្តីសមត្ថកិច្ចម្នាក់ បានបោកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែង ខណៈដែលជិះម៉ូតូក្នុងល្បឿនយ៉ាងលឿនមកដល់ផ្លូវកោងក្រោមស្ពានអាកាសក្បាលថ្នល់ មិនបន្ថយល្បឿន ក៏ជ្រុលទៅបុកខឿនខាងក្រោមស្ពានពេញទំហឹង បណ្តាលឲ្យបុរសខាងលើ ហោះផ្លោងចេញពីម៉ូតូ ទៅបុករបងការដ្ឋានជួសជុលស្ពាន ស្លាប់នៅក្នុងថ្លុកឈាមគួរឲ្យរន្ធត់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងជាង១១និង២០នាទីយប់ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកឡែត ពណ៌ក្រហមលាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CA-6442 បានធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុនី្នវង្ស ក្នុងទិសដៅពីលិចមកកើត ក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់កន្លែងកើតហេតុ ក្រោមស្ពានអាកាសក្បាលថ្នល់ ផ្លូវកោងខ្លាំង បុរសជនរងគ្រោះខាងលើ មិនព្រមបន្ថយល្បឿន ក៏ជ្រុលទៅបុកនឹងខឿនក្រោមស្ពានពេញទំហឹង បណ្តាលឲ្យបុរសរងគ្រោះខាងលើ ហោះផ្លោងចេញពីម៉ូតូ ទៅបុករបងការដ្ឋានជួសជុលស្ពាន ស្លាប់នៅក្នុងថ្លុកឈាមភ្លាមៗគួរឲ្យរន្ធត់ បង្កឲ្យមានការភ្ញាក់ផ្អើលនៅក្រោមស្ពានអាកាសក្បាលថ្នល់ រួមទាំងមានការកកស្ទះចរាចរណ៍ដល់ប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវយ៉ាងខ្លាំងទៀតផង ។

ក្នុងនោះដែរ សាកសពជនរងគ្រោះត្រូវបានគេស្គាល់មានឈ្មោះ កុល វិថិត្រ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរជាមន្ត្រីសមត្ថកិច្ច នៅអគ្គនាយកដ្ឋានតស្តុភារ និងហរិញ្ញវត្ថុ អាសយដ្ឋានស្នាក់នៅ ផ្លូវលំរបោះអង្កាញ់ ស្ថិតក្នុងសង្កាត់ព្រែកឯង ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ក្រោយពេលកើតហេតុក្រុមគ្រួសារសាច់ញាតិបានមកទទួលសាកសពបុរសជនរងគ្រោះដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់