ព័ត៌មានជាតិ

បង្ក្រាបទីតាំងហ្គេមបាញ់ត្រីខុសច្បាប់ នៅគីឡូលេខ៦ ឃាត់ខ្លួន៤នាក់

ភ្នំពេញៈ គណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ សហការជាមួយកម្លាំងសមត្ថកិច្ចខណ្ឌឫស្សីកែវ បានធ្វើការចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រីមួយកន្លែង កាលពីវេលាម៉ោង៣៖៣០នាទី រសៀល ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៦ ស្ថិតនៅចំណុចផ្ទះលេខ៥៣៤B ផ្លូវជាតិលេខ៥ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ (ទល់មុខរោងចក្រ ៣ជាន់)។

ប្រតិបតិ្តការចុះបង្ក្រាបទីតាំងហ្គេមបាញ់ខាងលើនេះ ដឹកនាំដោយលោក ជា ពិសី អភិបាលនៃគណៈអភិបាលខណ្ឌឫស្សីកែវ កម្លាំងសណ្តាប់ធ្នាប់ខណ្ឌ រួមជាមួយលោកចៅសង្កាត់គីឡូម៉ែត្រលេខ៦ ព្រមទាំងមានការចូលរួមដោយលោក ស្រី ម៉ានី ព្រះអាជ្ញារងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការចុះបង្ក្រាបទីតាំងខាងលើ ព្រមទាំងបានឃាត់ខ្លួនជនសង្ស័យ៤នាក់ រួចបានដកហូតទូរហ្គេមបាញ់ត្រីចំនួន២គ្រឿង និងម៉ូតូចំនួន៤គ្រឿង ។

ជនសង្ស័យទាំង៤នាក់ ដែលកម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួននោះ ទី១ឈ្មោះ អ៊ិន វិសាល ភេទប្រុស អាយុ២៥ឆ្នាំ ទី២ឈ្មោះ សេន សំណាង ភេទប្រុស អាយុ២៣ឆ្នាំ ទី៣ឈ្មោះ អ៊ឹម គង់ ភេទប្រុស អាយុ៤១ឆ្នាំ និងទី៤ឈ្មោះ នី រស្មី ភេទប្រុស អាយុ២២ឆ្នាំ។

បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីសាកសួរ និងបញ្ជូនខ្លួនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់៕

photo_2016-05-21_21-16-45 photo_2016-05-21_21-16-49 photo_2016-05-21_21-16-56 photo_2016-05-21_21-16-59 photo_2016-05-21_21-17-02 photo_2016-05-21_21-17-04 photo_2016-05-21_21-17-10

https://youtu.be/3RqVMBJBL60

មតិយោបល់