ភ្នំពេញៈ គ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងដោយម៉ូតូម៉ាកហុងដាសេ១២៥ មួយគ្រឿង បោះពួយយ៉ាងលឿនតាមបណ្តោយផ្លូវ៦០ម៉ែត្រ ទៅបុកបង្គោលថ្ម និងឆ្កែមួយក្បាលអូសជាង៣០ម៉ែត្រ បណ្តាលឲ្យបុរសម្នាក់រងរបួសយ៉ាងធ្ងន់ធ្ងបែកមុខមាត់ និងដៃឈាមហូរស្រោចពេញខ្លួនប្រាណ សំណាងល្អមិនគ្រោះថ្នាក់ដល់អាយុជីវិត។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង១៥នាទីល្ងាច ថ្ងៃទី១១ ខែ មិថុនា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវ៦០ម៉ែត្រ ចំណុចភូមិព្រែកតានូ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីបុរសម្នាក់បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៣ ពាក់ស្លាកលេខ ភ្នំពេញ 1BV-2724មួយគ្រឿង បើកបរដោយបុរសម្នាក់មានអាយុប្រហែលជាជាង២០ឆ្នាំ តែម្នាក់ឯង តាមបណ្តោយផ្លូវ៦០ម៉ែត្រ ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុខាងលើ ក៏បានបោះពួយទៅបុកនឹងបង្គោលថ្មមួយដើមនៅខាងឆ្វេងដៃពេញទំហឹង បណ្តាលឲ្យដួលអូសជាប់ទាំងសត្វឆ្កែមួយក្បាលផងដែរដែលកំពុងតែឈរហែកថង់សំរាមស៊ីនៅក្បែរនោះ អូសទៅជាមួយរហូតទៅដល់ជាង ៣០ម៉ែត្រទើបឈប់ និងបណ្តាលឲ្យបុរសរូបនោះបែកមុខមាត់ និងដៃ ហូរឈាមស្រោចពេញខ្លួន ចំណេកឯម៉ូតូក៏រងការខូចខាតយ៉ាងដំណំផង។

ក្រោយពេលកើតហេតុ កម្លាំងមានសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់ហៅរថយន្តសាមុយមកដឹកយកទៅធ្វើការព្យាបាល ចំណែកឯម៉ូតូត្រូវបានបញ្ជូនតាមម៉ូតូរ៉ឺម៉កង់បីយកទៅរក្សាទុកនៅនគរបាលប៉ុស្តិ៍ចាក់អង្រែលើ ដើម្បីរង់ចាំក្រុមគ្រួសារភ្ជាប់ជាមួយនិងឯកសារដែលពាក់ព័ន្ធមកទទួលយកទៅវិញផងដែរ៕







មតិយោបល់