សហព័ន្ធកីឡាប្រដាល់គុនខ្មែរបានចេញសេចក្តីសម្រេចអនុញ្ញាតឱ្យលោក មាស សុគ្រី បានចូលបម្រើការងារជាស្នងការប្រកួតប្រចាំស្ថានីយទូរទស្សន៍ក្នុងស្រុកមួយឡើងវិញ ចាប់ពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១តទៅ។
ឯកឧត្តម តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ដែលចុះហត្ថលេខាលើសេចក្តីសម្រេចនេះ បានចង្អុលបង្ហាញឱ្យលោក មាស សុគ្រី ត្រូវអនុវត្តន៍តួនាទីភារកិច្ចរបស់ខ្លួនឱ្យបានត្រឹមត្រូវ ដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់។
សូមរម្លឹកថា កន្លងមក ការប្រកួតកីឡាប្រដាល់គុនខ្មែរ នៅតាមស្ថានីយទូរទស្សន៍មួយចំនួនទទួលរងការរិះគន់ជាបន្តបន្ទាប់ ដោយសារការវិនិច្ឆ័យរបស់មន្ត្រីអាជ្ញាកណ្តាល ចៅក្រមមិនឈរនៅលើស្មារតីកាត់សេចក្តីដោយយុត្តិធម៌។ សហព័ន្ធខ្លួនឯងបានទទួលស្គាល់ថា ទាំងនេះគឺជាភាពចន្លោះប្រហោងនៃការវិនិច្ឆ័យ ដែលសហព័ន្ធត្រូវយកចិត្តទុកដាក់ខ្ពស់ និងកែតម្រូវនូវកំហុសឆ្គង ដើម្បីបន្តដំណើរការអភិវឌ្ឍន៍របស់ខ្លួន។
ទោះយ៉ាងនេះក្តី ក៏ឯកឧត្តមប្រធានសហព័ន្ធប្រដាល់គុនខ្មែរនេះ ក៏ជំរុញឱ្យមន្ត្រីអាជ្ញាកណ្តាល ចៅក្រម គណៈកម្មការរៀបចំការប្រកួតខិតខំ លើការងារបច្ចេកទេសវិនិច្ឆ័យឱ្យបានត្រឹមត្រូវ និងផ្តល់ភាពយុត្តិធម៌ ក្នុងការកាត់សេចក្តីលើការប្រកួតនានាឱ្យបានល្អប្រសើរ។
ជាមួយគ្នានេះ សហព័ន្ធក៏បានលើកចិត្តជូនដល់កីឡាករ កីឡាការិនីប្រឹងប្រែងហ្វឹកហាត់ និងការប្រកួតឱ្យអស់ពីសមត្ថភាព ព្រមទាំងផ្តល់ការណែនាំឱ្យកីឡាករ កីឡាការិនីទាំងអស់ ត្រូវប្រកួតឈរលើស្មារតីអភិវឌ្ឍន៍វិស័យកីឡាប្រដាល់គុនខ្មែរឱ្យឆ្ពោះទៅមុខ ចៀសវាងការបង្កបញ្ហា ដូចជាលក់ការប្រកួតជាដើម៕
មតិយោបល់