ព័ត៌មានជាតិ

អាសូរណាស់! ស្ត្រីម្នាក់ទៅច្រូតស្បូវជាមួយម្តាយមីង បែរជាត្រូវពស់ចឹកចំកញ្ចឹងកស្លាប់មួយរំពេចទៅវិញ!

ពោធិ៍សាត់ៈ លោកអធិការស្រុកក្រគរ បានប្រាប់Post Newsថាមានករណីស្ត្រីម្នាក់ត្រូវបានពស់ចឹកស្លាប់ ខណៈដែលទៅច្រូតស្បូវជាមួយម្តាយមីង។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចអណ្តូងលោក ក្នុងភូមិពុទ្ទ្រាម ឃុំអូសណ្តាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

សមត្ថកិច្ចបានឲ្យដឹងថា សាកសពជនរងគ្រោះខាងលើ មានឈ្មោះ អ៊ុ សាមុន អាយុ៤៩ឆ្នាំ ភេទស្រី ស្នាក់នៅភូមិពុទ្ទ្រាម ឃុំអូសណ្តាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដោយមានប្តីឈ្មោះ គ្រុំ ហាន អាយុ៥១ឆ្នាំ មានកូន៧នាក់ ក្នុងនោះមានស្រី៥នាក់ប្រុស២នាក់។ ក្នុងនោះដែរ សមត្ថកិច្ចបញ្ជាក់បន្ថែមថា ជនរងគ្រោះដែលស្លាប់នោះ បានយកមកដល់ផ្ទះនៅម៉ោង១២និង៣០នាទីព្រឹក ថ្ងៃដដែល។

គួរបញ្ជាក់បន្ថែមថា មូលហេតុដែលបណ្តាលឲ្យស្ត្រីនេះស្លាប់ គឺកើតឡើងបន្ទាប់ពីគាត់បានទៅច្រូតស្បូវ ជាមួយម្តាយមីងឈ្មោះ ង៉ែត ហូយ អាយុ៧១ឆ្នាំ ភេទស្រី ស្នាក់នៅភូមិជាមួយគ្នា នៅចំណុចអណ្តូងលោក ស្ថិតនៅភូមិពុទ្ទ្រាម ឃុំអូសណ្តាន់ ស្រុកក្រគរ ខណៈដែលកំពុងច្រូតស្បូវ ក៏ត្រូវពស់មិនស្គាល់
ចឹកចំកញ្ចឹងក ខាងឆ្វេងបណ្តាលឲ្យស្លាប់ នៅកន្លែងកើតហេតុតែម្តង ហើយបច្ចុប្បន្នសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់