ភ្នំពេញៈ បុរសម្នាក់ ជិះម៉ូតូឆ្លងភ្លើងស្តុប មិនទាន់ផុត ក៏ត្រូវបានរថយន្តស៊ិនទ្រី មួយគ្រឿង បើកទៅបុកចំពាក់កណ្តាលម៉ូតូយ៉ាងពេញទំហឹង បណ្តាលឲ្យបុរសខាងលើ រងរបួសធ្ងន់ធ្ងរ ត្រូវបានរថយន្តសាមុយដឹកបញ្ចូនទៅសង្គ្រោះបន្ទាប់នៅឯមន្ទីរពេទ្យ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៤០នាទីយប់ ថ្ងែទី១៣ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅចំណុច ស្តុបបែកជាបួន តាមបណ្តោយផ្លូវលេខ២៦១ កែងនឹងផ្លូវលេខ១៨២ ក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកស្មាសវី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1AU- 3281 ធ្វើដំណើតតាមបណ្តោយផ្លូវលេខ២៦១ ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់កន្លែងកើតហេតុ ស្តុបបែកជាបួន បុរសជិះម៉ូតូស្មាសវីខាងលើ ឆ្លងភ្លើងស្តុបមិនទាន់ផុត ក៏ត្រូវរថយន្ត ស៊ិនទ្រី មួយគ្រឿង ពណ៌លឿង គ្មានស្លាកលេខ បើកទៅបុកចំពាក់កណ្តាលម៉ូតូរបស់ បុរសរងគ្រោះខាងលើ យ៉ាងពេញទំហឹង ហើយបើកអូស ប្រហែល៣ទៅ៤ម៉ែត្រ បណ្តាលឲ្យបុរសរូបនោះរងរបួសធ្ងន់ធ្ងរ ត្រូវបានរថយន្តសាមុយដឹកបញ្ចូនទៅមន្ទីរពេទ្យធ្វើការសង្គ្រោះបន្ទាន់ភ្លាមៗតែម្តង។ ចំណែកអ្នកបើកបររថយន្តស៊ិនទ្រីវិញ បានរត់គេចខ្លួនបាត់ស្រមោលពីកន្លែងកើតហេតុតែម្តង បន្សល់ទុកតែជនរងគ្រោះនៅកន្លែងកើតហេតុតែប៉ុណ្ណោះ ។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍បានចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យជើកគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំការដោះស្រាយនៅពេលក្រោយតាមផ្លូវច្បាប់បន្តទៀត ៕
ព័ត៌មានជាតិ
មតិយោបល់