ព័ត៌មានជាតិ

រថយន្ត ផ្លាកលេខភ្នំពេញ 2BH-5689 រ៉េចង្កូតផ្តួល Hyundai លើទីលានបើកបរ ឲ្យបាស់ជើងច្រងាង របួស៣នាក់

ព្រះសីហនុ: នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង២០និង៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តពីរគ្រឿងប៉ះទង្គិចគ្នា បណ្តាលឲ្យមនុស្ស៣នាក់ រងរបួស លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ 193-194 ស្ថិតនៅភូមិអូរតាប៉ាង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បង្កឡើងដោយរថយន្ត១គ្រឿងម៉ាក LANDCRIUSER ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 2BH-5689 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ មានទិសដៅពីខេត្ដព្រះសីហនុ ឆ្ពោះទៅ ភ្នំពេញ លុះបើកបរមកដល់ចំណុចកើតហេតុ បានរ៉េចង្កូតមកខាងឆ្វេងដៃ ប៉ះជាមួយ រថយន្ដ Hyundai ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 3E-8786 ដែលមានទិសដៅផ្ទុយគ្នា បើកបរដោយឈ្មោះ ជួង វទ្ធី ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិកងឫស្សី ឃុំញ៉ែញ៉ង ស្រុកត្រាំកក់ ខេត្តតាកែវ និងអ្នករួមដំណើរចំនួន០៤នាក់ បណ្តាលឲ្យរងរបួសមនុស្សចំនួន០៣នាក់៖

ជនរងគ្រោះ១/ឈ្មោះ នី យុន ភេទប្រុស អាយុ២០ឆ្នាំ មុខរបរលើកកញ្ចក់ មានទីលំនៅ ភូមិក្បាលដំរី ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប (រងរបួស)២/ឈ្មោះ សែ គឹមហឿន ភេទប្រុស អាយុ២០ឆ្នាំ មុខរបរលើកកញ្ចក់ មានទីលំនៅ ភូមិព្រៃកប្បាស ឃុំអង្កាញ់ ខេត្តតាកែវ (រងរបួស) ៣/ឈ្មោះ គល់ សុខនីន ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ លើកកញ្ចក់ មានទីលំនៅ ភូមិកន្ទួត ឃុំ កោងកាង ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ (រងរបួស) បានបញ្ជូនទៅព្យាបាលនៅគ្លីនិចឯកជន ផេង ហ៊ុល ឃុំអូរឧកញ៉ាហេង ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យធ្វើការវាស់វែង យកវត្ថុតាងទាំងពីរគ្រឿង ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដើម្បីអនុវត្តន៍តាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់