ព័ត៌មានជាតិ

សមាគមពាណិជ្ជកម្មចិន អះអាងពីការនាំអ្នកវិនិយោគ និងទេសចរណ៍មកកម្ពុជា ឲ្យបានច្រើន

ភ្នំពេញៈ សមាគមពាណិជ្ជកម្មចិន ប្រចាំខេត្តសៀមរាប បានប្រារព្ធពិធីសម្ពោធបើកជាផ្លូវការហើយកាលពីល្ងាចថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៦ នៅទីក្រុងសៀមរាបអង្គរ ក្រោមវត្តមានលោក ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្តសៀមរាប លោកឧកញ៉ា ឆាវ អ៊ីនទ័រ អគ្គនាយកក្រុមហ៊ុនខ្មែរ ហូលឌីគ្រុប ថ្នាក់ដឹកនាំខេត្ត និងក្រុមអ្នកធុរកិច្ចចិនមកពី តៃវ៉ាន់ ហុងកុង ម៉ាកាវ និងអ្នកវិនិយោគចិននៅកម្ពុជា ជាច្រើនរូបទៀត។

សមាគមពាណិជ្ជកម្មចិន ប្រចាំខេត្តសៀមរាប បង្កើតឡើងក្នុងគោលបំណងប្រមូលផ្តុំក្រុមអ្នកវិនិយោគចិនដែលបានមកដាក់ទុនវិនិយោគនៅកម្ពុជា ពិសេសនៅខេត្តសៀមរាប ដើម្បីធ្វើការពិភាក្សាផ្លាស់ប្តូរយោបល់គ្នាពីមុខរបរ ធ្វើយ៉ាងណាឱ្យមានការរីកចម្រើន និងមានតួនាទីមួយទៀត គៀងគរអ្នកជំនួញធំៗរបស់ចិន ឲ្យមកបណ្តាក់ទុនរកស៊ីនៅកម្ពុជា ក៏ដូចជាគៀងគរអ្នកទេសចរណ៍ចិនឲ្យមកទស្សនាកម្សាន្តនៅប្រទេសកម្ពុជា ឲ្យបានកាន់តែច្រើន រួមចំណែកជាមួយរដ្ឋាភិបាល លើកកម្ពស់សេដ្ឋកិច្ចនៅកម្ពុជា តាមរយៈបង្កើតការងារជូនប្រជាជន ដើម្បីកាត់បន្ថយភាពក្រីក្រ និងជួយកាត់បន្ថយការធ្វើចំណាកស្រុកទៅស្វែងរកការងារនៅក្រៅប្រទេស។

លោក Liang Qing Liang ប្រធានសមាគមពាណិជ្ជកម្មចិន ប្រចាំខេត្តសៀមរាប បានថ្លែងថា “ពួកយើងបានមើលឃើញពីសក្កដានុពលជាច្រើននៅកម្ពុជា ដែលអ្នកធុរកិច្ចចិនអាចមកវិនិយោគបាន ក្នុងនោះខេត្តសៀមរាប យើងមើលឃើញមានសក្កដានុពលសំខាន់ពីនៅចំពោះមុខ គឺវិស័យទេសចរណ៍ និងវិស័យកសិកម្ម។ តាមរយៈសមាគមនេះ នឹងខិតខំស្វែងរកក្រុមហ៊ុនមកវិនិយោគលើវិស័យទាំង២នេះ ឲ្យបានច្រើន ខណៈក្រុមហ៊ុនចិនជាច្រើនបាន និងកំពុងដំណើរការ ក្នុងវិស័យមួយចំនួននៅកម្ពុជា ពិសេសខេត្តសៀមរាបអង្គរនេះតែម្តង“។

លោក ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្ត ថ្លែងក្នុងពិធីសម្ពោធបើកសមាគមនោះថា ក្នុងនាមអាជ្ញាធរខេត្ត សូមស្វាគមយ៉ាងកក់ក្តៅចំពោះវត្តមានសមាគមចិន និងអ្នកវិនិយោគចិន ដែលបានមកធ្វើការវិនិយោគនៅខេត្តសៀមរាបទាំងមូល ហើយអាជ្ញាធរ នឹងគាំទ្ររាល់គម្រោងផែនការវិនិយោគទាំងឡាយណា ដែលទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាល និងជួយសម្របសម្រួលជានិច្ចក្នុងពេលក្រុមអ្នកវិនិយោគត្រូវការ។

លោក បញ្ជាក់ទៀតថា ខេត្តសៀមរាប មានទឹកដីតូច តែមានប្រជាជនរស់នៅច្រើន និងមានការរីកចម្រើនខ្លាំងបំផុត គឺវិស័យទេសចរណ៍ និងមានការងាររីកចម្រើនបន្ទាប់មួយទៀត គឺវិស័យកសិកម្ម ក្នុងទីក្រុងមានប្រជាជនរស់នៅប្រមាណជាង១លាន២ម៉ឺននាក់ មាន១១ស្រុក និង១ក្រុង មានវិនិយោគិនបរទេសជាច្រើនបានមកប្រកបរបរទទួលទានក្នុងខេត្តនេះ ហើយអ្នកធុរកិច្ចចិន ក៏មានវត្តមានច្រើននៅទីនេះ។ សម្រាប់វិស័យទេសចរណ៍ កាលពីឆ្នាំកន្លងទៅ មានភ្ញៀវទេសចរណ៍ប្រមាណជាង៥លាននាក់ បានមមកទស្សនាប្រសាទអង្គរ ក្នុងនោះភ្ញៀវអន្តរជាតិមានប្រមាណជាង២លាននាក់ ហើយភ្ញៀវទេសចរណ៍ចិន នៅតែនាំមុខគេ ដែលបានមកកាន់ខេត្តសៀមរាប៕
photo_2016-05-22_12-20-12 photo_2016-05-22_12-20-14photo_2016-05-22_12-20-11

មតិយោបល់