បន្ទាយមានជ័យៈ បុរសលោភកាមម្នាក់ ត្រូវកងរាជអាវុធហត្ថធ្វើការឃាត់ខ្លួន កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៦ បន្ទាប់ពីបានធ្វើសកម្មភាពចាប់រំលោភសិស្សសាលាម្នាក់ មិនបានសម្រេច ហើយគេចខ្លួនបាន៩ថ្ងៃ។ ជនលោភកាមនេះ បានធ្វើសកម្មនៅចំណុចខាងលិចផ្នែកសឹករងក្រុងប៉ោយប៉ែត ចម្ងាយ៥០០ម៉ែត្រ ស្ថិតនៅព្រំប្រទល់ភូមិចាន់គីរី សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
វរសេនីយ៍ឯក សរ ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ថ្លែងប្រាប់ Post News នៅព្រឹកថ្ងៃទី២២ ខែឧសភានេះថា កម្លាំងអាវុធហត្ថស្នាក់ការសន្តិសុខ៥៦៨ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈមិនបានសម្រេច លើនារីរងគ្រោះជាសិស្សសាលាឈ្មោះ គ-ធ-ត អាយុ១៧ឆ្នាំ ជាសិស្សវិទ្យាល័យទួលប្រាសាទ រស់នៅភូមិទួលពង្រ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកមេបញ្ជាការរងរូបនេះ បន្តឲ្យដឹងទៀតថា ជនសង្ស័យមានឈ្មោះ អ៊ិន ប្រាក់ ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិប្រជាធម្មកើត សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា នៅល្ងាចថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦ ខ្លួនបានឃើញនារីម្នាក់ ដែលជាសិស្សសាលាបណ្តើរម៉ូតូ ដែលបែកកង់ដើរម្នាក់ឯង។ ដោយស្ថានភាពពេលនោះស្ងាត់ផង ខ្លួនគេក៏បានហៅឲ្យនាងឈប់រួចក៏បានទះកំភ្លៀងនាងបីដៃ រួចអូសចូលក្នុងព្រៃចម្ការក្បែរនោះ។ កំពុងតែចាប់ផ្តើមសកម្មភាពរំលោភមិនទាន់ទាំងបានសម្រេចផង ក៏មានអ្នកចាំចម្ការឃើញហេតុការណ៍ ហើយស្រែក ខ្លួនក៏បានស្ទុះរត់គេចរហូតដល់រសៀលថ្ងៃទី២១ ខែឧសភា ទើបត្រូវអាវុធហត្ថចាប់ខ្លួនបាន។
ជនសង្ស័យបច្ចុប្បន្នកំពុងស្ថិតក្រោមការសាកសួររបស់មន្រ្តីជំនាញអាវុធហត្ថខេត្ត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធី៕
មតិយោបល់