បាត់ដំបង: កម្លាំងកងរាជអាវុធហត្ថស្រុកមោងឬស្សី៦នាក់ ដែលដឹកនាំដោយ លោកអនុសេនីយ៍ឯក ហម ភណ្ឌ័ មេបញ្ជាការរង បានចុះផ្ទាល់បង្រ្កាបនិងឃាត់ខ្លួនបុរស២នាក់ ពីបទរក្សាទុកដឹកជញ្ជូន ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ក្នុងខណ:ពេលជនសង្ស័យកំពុងឈរចែកចាយ និងជួញដូរគ្រឿងញៀននៅលើផ្លូវក្រាលកៅស៊ូជនបទ។
ហេតុការណ៍នេះកើតឡើងនៅម៉ោង៩និង២០នាទីព្រឹក នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧ នៅចំនុចវាលស្រែ ក្នុងភូមិកូនក្អែក២ ឃុំរបស់មង្គល ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
ជនសង្ស័យទាំង២នាក់ ដែលត្រូវធ្វើការបង្ក្រាបនិងឃាត់ខ្លួន ទី១ឈ្មោះ ឈិន ធារ៉ា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរធ្វើស្រែ រស់នៅ ភូមិគួយជីកដី ឃុំរបស់មង្គល ស្រុកមោងឫស្សី ខេត្តបាត់ដំបង និងទី២ឈ្មោះ វ៉ាត ម៉ោង ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរធ្វើស្រែ រស់នៅ ភូមិព្រៃព្រំ២ ឃុំរបស់មង្គល ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
តាមប្រភពព័ត៌មានបានឱ្យដឹងថា កម្លាំងកងរាជអាវុធហត្ថស្រុកមោងឬស្សី៦នាក់ ដែលដឹកនាំដោយ លោកអនុសេនីយ៍ឯក ហម ភណ្ឌ័ មេបញ្ជាការរង បានចុះទៅដល់ចំណុចវាលស្រែ ក្នុងភូមិកូនក្អែក២ ឃុំរបស់មង្គល ស្រុកមោងឫស្សី ខេត្តបាត់ដំបង ធ្វើការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យទាំង២ខាងលើ។ ដោយចាប់យកសម្ភារៈជាវត្តុតាងមានដូចជា គ្រឿងញៀនប្រភេទ ម៉ាទឹកកក ម៉្សៅក្រាម ពណ៌សថ្លា ៣ កញ្ចប់ ទម្ងន់ ៣,៣១ក្រាម ទូរស័ព្ទដៃ ២ គ្រឿង (ណូគាអ៊ិនចុចពិល ១គ្រឿង និងសាំស៊ុង ១គ្រឿង) ម៉ូតូ ១គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅសេរី ២០១៦ គ្មានផ្លាកលេខ លោហ:ធាតុពណ៌លឿង ១ខ្សែ ដោយជាប់ពាក់ព័ន្ធពីបទរក្សាទុកដឹកជញ្ជូន ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ក្នុងខណ:ពេលជនសង្ស័យកំពុងឈរចែកចាយ និងជួញដូរគ្រឿងញៀននៅលើផ្លូវក្រាលកៅស៊ូជនបទ (ក្នុងភូមិកូនក្អែក២)។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានឃាត់ខ្លួននិងរក្សាទុក នៅមូលដ្ឋាលកងរាជអាវុធហត្ថស្រុកមោងឫស្សី ដើម្បីកសាងសំណុំរឿងតាមនិតិវិធីច្បាប់៕
មតិយោបល់