ព័ត៌មានជាតិ

ងៀតបបែល មានផ្ទុកសារធាតុគីមី ត្រូវបានរកឃើញទៀតហើយ

ស្វាយរៀងៈ យោងតាមផេកអគ្គយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃពុធ ៧កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩ មន្ត្រីសាខាកាំកុងត្រូលខេត្តស្វាយរៀង ដោយទទួលបានការសហការពីមន្រ្តីមន្ទីរពាណិជ្ជកម្មខេត្ត និងគណៈកម្មការផ្សារ បានចុះត្រួតពិនិត្យ គុណភាពសុវត្ថិភាព ផលិតផលម្ហូបអាហារ នៅផ្សារជីភូ ក្រុងបាវិត ខេត្តស្វាយរៀង។ គោលដៅសំខាន់នៃការត្រួតពិនិត្យ គឺដើម្បីស្រាវជ្រាវ ទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់ ។

ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានធ្វើតេស្តបឋម ទៅលើផលិតផលម្ហូបអាហារមួយចំនួន ដូចជា៖ ណែម ប្រហិតត្រី បាញ់កាញ សរសៃគុយទាវ ងៀតបបែល ជ្រក់សណ្តែកបណ្តុះ ជ្រក់ត្រសក់ ជ្រក់ស្ពៃ ជ្រក់ឆាយថៅ បង្កង មឹក ឡុងកុង ប៉ោម ទំពាំងបាយជូ។ ជាមួយគ្នានោះ មន្ត្រីជំនាញ បានធ្វើការត្រួតពិនិត្យរកភាព មិនអនុលោមនៅលើសំបកវេចខ្ចប់ផលិតផលម្ហូបអាហារផងដែរ ។

ជាលទ្ធផលមន្ត្រីជំនាញ បានរកឃើញភាពមិនប្រក្រតីនៅក្នុងគំរូងៀតបបែល ចំនួន ០៥គីឡូក្រាម មានផ្ទុកសារធាតុគីមីហាមឃាត់បូរ៉ាក (Borax)។

មន្រ្តីជំនាញបានធ្វើកំណត់ហេតុដកហូតទំនិញទាំងនោះ មករក្សាទុកដើម្បីកម្ទេចចោល នៅពេលក្រោយ និងបានធ្វើការណែនាំដល់អាជីវករ ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕

មតិយោបល់