ភ្នំពេញៈ គ្លីនិក ឃឹម រ៉ានី ដែលមានទីតាំងនៅតាមបណ្តោយផ្លូវ៣១៥ កែងផ្លូវ៥២៨ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក អាចប្រឈមនឹងការបិទអាជីវកម្ម ប្រសិនបើគណៈកម្មាធិការចម្រុះ រកឃើញថា មានកំហុសក្នុងការចាក់ថ្នាំបណ្ដាលឲ្យមនុស្សស្លាប់។
ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ លោក សុខ គន្ធ បានប្រាប់ Post News នៅយប់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៦ថា នៅព្រឹកស្អែក ថ្ងៃទី២៣ ខែឧសភា គណៈកម្មាធិការចម្រុះ នឹងចុះត្រួតពិនិត្យគ្លីនិក ឃឹម រ៉ានី ដើម្បីស្វែងរកការពិតថា ជុំវិញករណីមានមនុស្សស្លាប់នៅគ្លីនិកមួយនេះ។ លោក សុខ គន្ធ បញ្ជាក់ថា ”យើងមិននិយាយពីគុណសម្បត្តិទេ ឲ្យតែធ្វើខុស គឺបិទហើយ”។
ប្រធានមន្ទីរសុខាភិបាលរូបនេះ ក៏បញ្ជាក់បន្ថែមថា ពេលខ្លះ ខាងមន្ទីរពេទ្យឯកជន ចង់បានគុណសម្បត្តិ ប៉ុន្តែអាការ:អ្នកជំងឺធ្ងន់ធ្ងរ។
សេចក្ដីរាយការណ៍កាលពីព្រឹកមិញ បុគ្គលិកក្រុមហ៊ុនប្រេងឥន្ធនៈសាវីម៉ិច ឈ្មោះ ឡាំ តៅគង់ ភេទប្រុស អាយុ២៨ឆ្នាំ ស្នាក់នៅផ្ទះលេខ៥២សេ ផ្លូវលេខ២០៩ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ (ក្នុងបុរីវិមានភ្នំពេញ) ដែលមានប្រពន្ធឈ្មោះ សុខ រដ្ឋមនី អាយុ២៨ឆ្នាំ ត្រូវបានគេរាយការណ៍ថា បានបាត់បង់ជីវិត បន្ទាប់ពីត្រូវគ្រូពេទ្យចាក់ថ្នាំ២ម្ជុល កាលពីព្រឹកមិញ។
សាច់ញាតិជនរងគ្រោះ បានឲ្យដឹងថា នៅព្រឹកមិញ ជនរងគ្រោះ និងមិត្តភក្ដិគេម្នាក់ទៀត ឈ្មោះ រ៉ា បានបបួលគ្នាទៅហូបគុយទាវនៅម្ដុំទួលគោក ពេលនោះជនរងគ្រោះបានត្អូញថា ចេះតែឈឺខ្នងស្ទើរទ្រាំមិនបាន រួចក៍ឲ្យមិត្តភក្ដិជូនទៅគ្លីនិក ឃឹម រ៉ានី។ បន្ទាប់ពីជនរងគ្រោះចូលពិនិត្យ និងចាក់ថ្នាំបាន២ម្ជុល បន្តិចក្រោយមក ស្រាប់តែជនរងគ្រោះប្រកាច់បែកពពុះមាត់ ក៏ប្រញាប់ដឹកទៅមន្ទីរពេទ្យកាល់ម៉ែត តែជាអកុសលជនរងគ្រោះបានស្លាប់នៅតាមផ្លូវបាត់ទៅហើយ។
ពាក់ព័ន្ធករណីខាងលើនេះ មិនមានអ្នកណាបញ្ជាក់ឲ្យដឹងថា ជនរងគ្រោះស្លាប់ ដោយសារមូលហេតុអ្វីឲ្យពិតប្រាកដនៅឡើយទេ បន្ទាប់ពីគ្រូពេទ្យនៅគ្លីនិក ឃឹម រ៉ានី ចាក់ថ្នាំហើយក៏ប្រកាច់បែកពពុះមាត់ស្លាប់បែបនេះ។
ករណីនេះដែរ Post News មិនអាចទាក់ទងសុំការបំភ្លឺពីភាគីគ្លីនិក ឃឹម រ៉ានី បាននោះទេ នៅល្ងាចថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៦៕
https://www.youtube.com/watch?v=7lrx9XtAWp0
មតិយោបល់