ព័ត៌មានជាតិ

យុវជនម្នាក់បើកម៉ូតូកង់បីឥណ្ឌា បុករថយន្តពីក្រោយមិនទទួលកំហុស

ភ្នំពេញៈ យុវជនម្នាក់រួមដំណើរនិងយុវជនម្នាក់ទៀត បើកម៉ូតូកង់បីឥណ្ឌាមួយគ្រឿង បុករថយន្តហាយប្រីតប្រភេទតាក់ស៊ីឯកជនពីក្រោយរងការខូចខាតតិចតួចរួចមិនទទួលកំហុសចោទថារថយន្តជាអ្នកខុសទៅវិញ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៧និង៤០នាទី យប់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅចំណុចស្តុបផ្សារដើមគ តាមបណ្តោយផ្លូវម៉ៅសេទុង ក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក។

តាមសម្តីម្ចាស់រថយន្តបានឲ្យដឹងថាមុនកើតរូបគាត់បើករថយន្តម៉ាកកាមរីហាយប្រីតមួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ 2N-1988 ប្រភេទរថយន្តតាក់ស៊ីឯកជនដឹកភ្ញៀវម្នាក់ពីម្តុំផ្សារទួលទំពូង យកទៅដាក់នៅម្តុំផ្សារដីហ៊ុយបានធ្វើដំណើរទិសដៅពីត្បូងទៅជើង លុះមកចំណុចកើតហេតុខាងលើស្តុបចរាចរណ៍ភ្លើងខៀវកំពុងតែធ្វើដំណើរទៅមុខ ស្រាប់តែមានយុវជនម្នាក់រួមដំណើរនិងយុវជនម្នាក់ទៀត បើកម៉ូតូកង់បីឥណ្ឌាមួយគ្រឿង ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ1GV-4496 មកពីក្រោយបុកបញ្ឆិតកាងរថយន្តខាងក្រោយផ្នែកខាងស្តាំបណ្តាលឲ្យរបកថ្នាំតិចតួច បន្ទាប់មកភាគីទាំងសងខាងបានប្រកែកតឹងសរសៃ ក ដាក់គ្នាដោយភាគីខាងម៉ូតូកង់បីមិនទទួលកំហុសហើយចោទថាខាងរថយន្តជាអ្នកខុសទៅវិញដោយមិនព្រមសម្របសម្រួល។

ក្រោយកើតសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានឲ្យភាគីសងខាងសម្របសម្រួលគ្នាម្តងទៀតដោយភាគីបង្កព្រមទទួលកំហុសនិងចេញសំណងទៅឲ្យភាគីខាងរថយន្តចំនួន៥០ដុល្លារដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕

មតិយោបល់