ព័ត៌មានជាតិ

ថ្មីទៀតហើយ! ចោរស្រីម្នាក់លួចម៉ូតូគេមិនសម្រេចជាប់ខ្នោះសមត្ថកិច្ច

ភ្នំពេញ: ជនសង្ស័យម្នាក់ជាស្រី ក្នុងចំណោមបក្ខពួកសរុប៥នាក់ ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌចម្ការមន ធ្វើការឃាត់ខ្លួនក្រោយពីធ្វើសកម្មភាពលួចម៉ូតូរបស់បុរសម្នាក់តែមិនសម្រេច។

ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង ៤និង៣០នាទីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្ទះលេខ៧៦អាអឺ០ ផ្លូវ១៣៥ ក្រុម២២ ភូមិ៤ សង្កាត់ទួលទំពូង១ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា បក្ខពួកជនសង្ស័យទាំង៥នាក់ គេចខ្លួនបាត់អស់៤នាក់ នៅសល់តែជនសង្ស័យម្នាក់ឈ្មោះ សឺង ចន្ថា ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិខ្មែរកម្ពុជាក្រោម មុខរបររើសអេតចាយ ស្នាក់មិនពិតប្រាកដ បានធ្វើសកម្មភាពលួចយកម៉ូតូ១គ្រឿងម៉ាកHONDA CLICK ពណ៌ស-ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FP-4004។ ចំណែកជនរងគ្រោះមានឈ្មោះ វ៉ាន់ គីមសួរ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរបើករថយន្ត ស្នាក់នៅភូមិកោះនរោ សង្កាត់និរោធ ខណ្ឌច្បារអំពៅ។

ក្នុងនោះដែរ សមត្ថកិច្ចធ្វើការដកហូតបាន ម៉ូតូ១គ្រឿងម៉ាក HONDA CLICKពណ៌ ស-ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FP-4004 (របស់ជនរងគ្រោះប្រគល់ឲ្យម្ចាស់វិញ) ,កាបូបស្ពាយ១ ពណ៌ខ្មៅ, ដែកផ្លែទុរវីស១ ,ទូរសព្ទដៃ១គ្រឿងម៉ាក Nokia ចុចពិល ពណ៌ផ្កាឈូក(របស់ជនសង្ស័យ)។

មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូរបស់ខ្លួនមកលេងមិត្តភក្តិ នៅចំណុចកើតហេតុ ដោយទុកម៉ូតូនៅក្រោមជណ្តើរផ្ទះជួលខាងលើ រួចដោះម៉ាញ៉េតូ ទុកការពារចោលួច រួចឡើងទៅដេកជាមួយមិត្តភក្តិនៅជាន់ខាងលើ។ លុះដល់ម៉ោងកើតហេតុជនរងគ្រោះបានភ្ញាក់ពីដំណេកចុះមកមើលម៉ូតូមិនឃើញក៏ឡើងទៅដាស់មិត្តភក្តិ៣នាក់ទៀត ឲ្យជួយចេញដើររក លុះមកដល់មុខផ្ទះសំណាក់យីហោ បឹងពេជ្រ ផ្លូវ១០១ ក្រុម១៩ ភូមិ៦ សង្កាត់បឹងត្របែក ខណ្ឌចម្ការមន ក៏ប្រទះឃើញជនសង្ស័យ៥នាក់ក្នុងនោះមានប្រុស៤នាក់ កំពុងបណ្តើរម៉ូតូរបស់ខ្លួន បន្ទាប់មកជនរងគ្រោះ និងមិត្តភក្តិបានស្រែកចោរៗធ្វើឲ្យជនសង្ស័យទាំង៤នាក់ភ័យរត់គេចខ្លួនអស់ នៅតែជនសង្ស័យជាស្ត្រីខាងលើ។

បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងត្រូវបានសមត្ថកិច្ចធ្វើការសាកសួរនិងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចម្ការមន ចាត់ការតាមផ្លូវច្បាប់បន្តទៀត៕

មតិយោបល់