ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ៥នាក់ មុខសញ្ញាជួញដូរគ្រឿងញៀនយ៉ាងសកម្ម

ភ្នំពេញ: កម្លាំងនគរបាលប៉ុស្ដិ៍កន្ទោក សហការជាមួយកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ បានធ្វើការឃាត់ខ្លួនជនជួញដូរនិងប្រើប្រាស់គ្រឿងញៀនបានចំនួន៥នាក់ ខណ:ដែលកំពុងល្បាតពួនស្ទាក់ទប់ស្កាត់បទល្មើសនៅក្នុងមូលដ្ឋានរបស់ខ្លួន ហើយបានប្រទះឃើញជនទាំងនោះគួរឲ្យមានការសង្ស័យនោះ។

ហេតុការណ៍ខាងលើនោះបានកើតឡើង កាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចផ្ទះជួលស្ថិតនៅក្នុងភូមិគល់ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យដែលត្រូវចាប់ខ្លួននោះទី១ឈ្មោះ យឹម រ៉ា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរបើកបររថយន្ត ស្នាក់នៅក្នុងភូមិកើតហេតុ,ទី២ឈ្មោះ ឈឹម សារ៉ាត់ អាយុ២២ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅក្នុងភូមិអង្គ្រង ឃុំរលាំងកែន ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល, ទី៣ឈ្មោះ យ៉ាម ផាន់ណា អាយុ២៣ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ,ទី៤ឈ្មោះ សូ សុខជា អាយុ៤០ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅក្នុងភូមិព្រៃកុដិ សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ និង៥ឈ្មោះ សួន រដ្ឋ អាយុ២៧ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅក្នុងភូមិកើតហេតុខាងលើ។

នគរបាលបានឲ្យដឹងថា មុនពេលកើតហេតុ កម្លាំងនគរបាលប៉ុស្ដិ៍កន្ទោកនិងកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យបានសហការល្បាតរួមគ្នា ដើម្បីទប់ស្កាតបទល្មើសនៅទីកន្លែងស្មុគស្មាញ នៅក្នុងមូលដ្ឋានរបស់ខ្លួន។ ខណ:នោះបានប្រទះឃើញក្រុមជនសង្ស័យទាំងនោះក៏បានឃាត់សួរនាំនិងឈានដល់ការឆែកឆេរបន្ទប់ដែលពួកគេស្នាក់នៅ។ ដែលបានរកឃើញនិងដកហូតបានវត្ថុតាងមួយចំនួនរួមមាន កាំភ្លើងច្នៃបាញ់គ្រាប់កង់១ដើម,គ្រាប់កង់មួយចំនួន,ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញឿនមួយចំនួន និងថង់សម្រាប់វេចខ្ជប់គ្រឿងញៀនមួយចំនួន៕

//youtu.be/prdYWYwsNCI

មតិយោបល់