ព័ត៌មានជាតិ

Update៖កាប់ប្លន់យកម៉ូតូនិចពីគូស្នេហ៍១គូបានសម្រេចទៀតហើយតាមបណ្តោយផ្លូវ៦០ម៉ែត្រ កាលពីយប់មិញ!!!

ភ្នំពេញ: សង្សារ១គូ ជិះម៉ូតូចេញពីព្រែកហូរ មកភ្នំពេញ តាមបណ្តោយផ្លូវ៦០ម៉ែត្រ ត្រូវបានជនសង្ស័យមួយក្រុម មានគ្នា៦ទៅ៧នាក់ ជិះម៉ូតូ៤គ្រឿង ធ្វើសកម្មភាពកាប់ប្លន់យកម៉ូតូម៉ាកស៊ុយសាគីនិច បានសម្រេច រួចជិះគេចខ្លួនបាត់ស្រមោល។

ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីវេលាម៉ោង៨និង១៥នាទីយប់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ ផុន ឈៀងលី ភេទប្រុស អាយុ២០ឆ្នាំ មុខរបរនៅផ្ទះ រស់នៅភូមិព្រែកហូរ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល និងនារីជាគូស្នេហ៍រួមដំណើជាមួយមានឈ្មោះ សូ ចាន់ណារី អាយុ២០ឆ្នាំ មុខរបរកម្មការិនីរោងចក្រ រស់ភូមិព្រែកហូ សង្កាត់ព្រែកហូ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។

យោងតាមសម្ដីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ រូបគេនិងសង្សារបានជិះម៉ូតូមួយគ្រឿងម៉ាកស៊ុយសាគីនិច ពណ៌ស ពាក់ស្លាកលេខ កណ្ដាល1S-7124 ជិះឌុបគ្នាតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ទិសដៅពីព្រែកហូរមកភ្នំពេញ ខណ:មកដល់ចំណុចកើតហេតុ ក៏ស្រាប់តែមានជនសង្ស័យមួយក្រុមមានគ្នា៦ទៅ៧នាក់ជិះម៉ូតូ៤គ្រឿងម៉ាកហុងដាសេ១២៥ចំនួន២គ្រឿង និង២គ្រឿងទៀតមិនចាំម៉ាកនិងស្លាកលេខ បានជិះមកពីក្រោយរួចធ្វើសកម្មភាពដកដាវស៊ាំម៉ូរ៉ៃមកកាប់ចំកំភួនដៃខាងឆ្វេងរបស់ជនរងគ្រោះ បណ្ដាលឲ្យរងរបួសស្រាល។

ជនរងគ្រោះបានបន្តទៀតថា ភ្លាមៗរូបគេរួមនឹងសង្សារភ័យស្លន់ស្លោរហើយបានផ្ដួលម៉ូតូចោលរត់យករួចខ្លួនភ្លាមៗនោះក្រុមជនសង្ស័យបានលើកយកម៉ូតូជិះគេចខ្លួនបាត់ដោយសុវត្ថិភាព។

គួររំលឹកដែរថា ក្រោយពេលកើតហេតុជនរងគ្រោះបានត្រឹមតែឈរសោកស្ដាយម៉ូតូ ចំណែកសមត្ថកិច្ចវិញមានលទ្ធភាពត្រឹមតែទៅដឹកជនរងគ្រោះមកដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលចាក់អង្រែក្រោមតែប៉ុណ្ណោះ៕

មតិយោបល់