ព័ត៌មានជាតិ

រថយន្តពីរគ្រឿងបុកគ្នាពេញទំហឹង នៅចំណុចផ្លូវបំបែក បណ្តាលឲ្យរងខូចខាតទាំងសងខាង

ភ្នំពេញ: នៅវេលាម៉ោង០៨និង៤០នាទីយប់ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ស្ត្រីម្នាក់បើកបររថយន្តមួយគ្រឿងម៉ាក SSANGYONG ក្នុងល្បឿនលឿន មកដល់ផ្លូវបែកជ្រុលបុករថយន្តមួយគ្រឿងទៀតម៉ាក ALPHARD កំពុងបើកឆ្លងកាត់ បណ្តាលឲ្យបុកគ្នាពេញទំហឹង រងការខូចខាតទាំងសងខាង ត្រង់ចំណុចមុខហាងកាហ្វេ BROWN ស្ថិតតាមបណ្ដោយផ្លូវ៥៧ កែងនិងផ្លូវ២៩៤ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

នៅមុនពេលកើតហេតុ គេឃើញបុរសជនជាតិចិនម្នាក់ បើករថយន្តមួយគ្រឿងម៉ាក ALPHARD ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BB-2376 ធ្វើដំណើរតាមបណ្ដោយផ្លូវ៥៧ ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន មកដល់ចំណុចផ្លូវបំបែករថយន្តនោះ បានបើកឆ្លងកាត់ផ្លូវ២៩៤ ឆ្ពោះទៅមុខដោយខ្វះការប្រុងប្រយ័ត្ន ពេលកំពុងបើកឆ្លងបានពាក់កណ្ដាលផ្លូវ ស្រាប់តែមានរថយន្ត មួយគ្រឿងទៀតម៉ាក SSANGYONG ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2H-4504 បើកបរដោយស្ត្រីម្នាក់ តាមបណ្ដោយផ្លូវ២៩៤ ទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន រួចក៏ជ្រុលទៅបុករថយន្ត ALPHARD ចំហៀងខាងឆ្វេងផ្នែកខាងមុខ បណ្តាលឲ្យក្រពឹត រងការខូចខាត ។ រីឯរថយន្ត SSANGYONG បានរងការខូចខាត ក្រពឹតកាងផ្នែកខាងមុខ ។ ប៉ុន្តែមិនបង្កឲ្យនរណាម្នាក់ រងរបួសនោះទេ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចនៅក្នុងមូលដ្ឋានបានចុះមកដល់ទីតាំងខាងលើ ដើម្បីឲ្យភាគីទាំងពីរធ្វើការដោះស្រាយគ្នា នៅកន្លែងកើតហេតុ តែដោះស្រាយគ្នាមិនត្រូវ ហើយសមត្ថកិច្ចជំនាញបានធ្វើការវាស់វែង យករថយន្តទាំងពីរគ្រឿងទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយទៅតាមផ្លូវច្បាប់ បន្តទៀត ៕

មតិយោបល់