ភ្នំពេញៈ នារីម្នាក់ជិះម៉ូតូតាមផ្លូវម្ដុំក្បែសាលាដូនពេញត្រូវបានជនសង្ស័យ២នាក់ធ្វើសកម្មភាពឆក់យកទូរសព្ទiphone 6plusពីក្នុងហោប៉ៅខោបានសម្រេច តែត្រូវនាងជិះម៉ូតូដេញតាមទាន់ចាប់ប្រគល់ខ្លួនឲ្យសមត្ថកិច្ច។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១រសៀល ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧ ត្រង់ចំណុចបណ្ដោយផ្លូវ៥១ សង្កាត់ផ្សាថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ លឹម ចាន់ធីតា ហៅស្រីនាង ភេទស្រី អាយុ២១ឆ្នាំ ស្នាក់នៅភូមិដីថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ រីឯជនសង្ស័យទី១ឈ្មោះ ពេជ្រ ភារុណ ភេទប្រុស អាយុ១៩ឆ្នាំ(ឃាត់ខ្លួន) និងម្នាក់ទៀតឈ្មោះ អាយួន ជាអ្នកបើកបរម៉ូតូ(រត់គេចខ្លួនបាត់)។

ប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុនារីរងគ្រោះបានជិះម៉ូតូម៉ាកស្កូបពី ពាក់ស្លាកលេខ ភ្នំពេញ 1FO 7785តាមបណ្ដោយផ្លូវ៥១តែម្នាក់ឯងដោយដាក់ទូរសព្ទក្នុងហោប៉ៅខោ ស្រាប់តែមានជនសង្ស័យពីរនាក់ជិះម៉ូតូម៉ាកនិច ស្លាកលេខ កំពង់ចាម 1Q 5413មកក្បែរហើយធ្វើសកម្មភាពឆក់យកទូរសព្ទពីក្នុងហោប៉ៅជនរងគ្រោះ ភ្លាមៗនោះនារីគ្រោះបានជិះម៉ូតូដេញតាមជនសង្ស័យតាមបណ្ដោយផ្លូវលេខ២០០រហូតដល់វិមានឯករាជ្យ ជនសង្ស័យបានដួលម៉ូតូ ហើយត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌដូនពេញចុះជួយអន្តរាគមន៍ភ្លាមៗចាប់ខ្លួនជនសង្ស័យបានម្នាក់ ចំណែកម្នាក់ទៀតជាអ្នកបើកបរបានរត់គេចខ្លួន។

បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងនគរបាលខណ្ឌដូនពេញនាំខ្លួនមកអធិការដ្ឋាន ដើម្បីសាកសួរនិងកសាងសំណុំរឿងដោះស្រាយតាមនីតិវិធី៕



មតិយោបល់