ជប៉ុនៈ រដ្ឋាភិបាលក្រុងតូក្យូ បានធ្វើសមយុទ្ធកងកម្លាំងយោធាអាកាសថ្មីមួយ ក្នុងគោលបំណង ដើម្បីប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែង ពីសំណាក់ប្រទេសកូរ៉េខាងជើង កាលពីថ្ងៃពុធ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧។
ការធ្វើសមយុទ្ធយោធាថ្មីនេះ គឺផ្ដើមចេញពីលទ្ធផលនៃកិច្ចប្រជុំកំពូលផ្ទាល់មួយ កាលពីខែមីនា រវាងទីក្រុងវ៉ាស៊ីនតោន និងក្រុងតូក្យូ ដែលក្នុងនោះភាគីទាំងពីរ បានសម្រេចចិត្តចាត់វិធានការជាក់ស្តែង ដើម្បីលើកកម្ពស់ក្នុងការឆ្លើយតប ទៅនឹងការគំរាមកំហែង ដោយរដ្ឋាភិបាលក្រុងព្យុងយ៉ាង។
ការធ្វើសមយុទ្ធនេះ បានប្រើប្រាស់ប្រព័ន្ធការពារគ្រាប់មីស៊ីលប្រភេទ PAC-3 គឺជាមីស៊ីលល្បឿនលឿន ដែលត្រូវបានច្នៃប្រឌិតឡើង ដើម្បីការពារទ័ពអាកាស ប្រឆាំងជាមួយមីស៊ីលប៉ាលីស្ទីក មីស៊ីលចម្បាំង យន្តហោះចម្បាំង និងករណីគំរាមតាមតំបន់អាកាសផ្សេងៗទៀត ដែលត្រូវបានធ្វើឡើង ដោយកងកម្លាំងការពារជប៉ុន ក្នុងជំរំ Asaka ស្ថិតនៅតាមព្រំដែននៃទីក្រុងតូក្យូ និងខេត្តសៃតាម៉ា។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បាននិយាយថា សមយុទ្ធនេះ គឺចង់បង្ហាញពីការត្រៀមខ្លួនរបស់ជប៉ុន ដើម្បីប្រឆាំងនឹងការវាយប្រហារ ដោយកាំជ្រួចផ្លោងដ៏ខ្លាំងក្លារបស់កូរ៉េខាងជើង៕
មតិយោបល់